លោក នាង កាវិច៖ ពីក្មេងរស់នៅក្នុងអគារប៊ូឌីញ ទៅជាផលិតករ ភាពយន្ដ ឯកសារដែលឈ្នះពានរង្វាន់ពីក្រៅប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ការចាប់ផ្ដើមរបស់មនុស្សម្នាក់ៗ តែងតែមិនដូចគ្នាទេ អ្នកខ្លះ ចាប់ផ្ដើមដោយមានការគាំទ្រស្រាប់ៗ ពីក្រុមគ្រួសារ ប៉ុន្តែអ្នកខ្លះទៀត ក៏ត្រូវចាប់ផ្ដើមដោយខ្លួនឯង ដោយញើសឈាមខ្លួនឯងតែម្ដង។

លោក នាង កាវិច ជាផលិតករភាពយន្ដម្នាក់ដែលចាប់ផ្ដើមចេញពី ចំណុចទទេស្អាតមួយ ពោលជាចំណុចសូន្យដែលមិនមាន អ្នកណា ស្គាល់នោះឡើយ។

អគារប៊ូឌីញសជាអគារវ័យ៥០ឆ្នាំ ដែលត្រូវបានរុះរើកាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលនឹងជំនួសមកវិញដោយអគារ ពាណិជ្ជកម្មថ្មី កម្ពស់ ២១ជាន់។ អគារប៊ូឌីញសត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៦៣។

គ្រួសារលោក នាង កាវិច ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដទៃ ទៀតប្រមាណជិត ៥០០គ្រួសារ ដែលរស់នៅក្នុងអគារប៊ូឌីញ។ លោកធំធាត់ឡើងក្រោមរង្វង់នៃសិល្បៈបុរាណ ដែលជំរុញឱ្ យខ្លួនលោក ក៏ចាប់ចិត្តស្រឡាញ់សិល្បៈផងដែរ។

មុនឆ្នាំ ២០១០ លោកបានចំណាយពេលរៀនអំពីតន្ត្រី និងរបាំបែប ប្រពៃណី ដោយមានអ្នកភូមិផង របងជាមួយជាអ្នកបង្ហាត់បង្រៀន។ ប៉ុន្តែការរាំ ការលេងតន្ត្រីធ្វើឱ្យលោកមានអារម្មណ៍ថា នោះមិនមែន ជាខ្លួនលោកសោះឡើយ។ ដោយលោករំលេចថា ការខិតខំប្រឹង ប្រែងទាំងប៉ុន្មានមិនមានអ្នកណាមើលឃើញ។

ចាកចេញពីតន្ត្រី និងរបាំដែលខ្លួនបានជ្រកកោនរៀន សូត្រអស់ ជាច្រើន ឆ្នាំ លោកបានមានឱកាស ស្គាល់វិស័យភាពយន្ដ និង បានចូលរៀននៅមជ្ឈមណ្ឌលបុផ្ផាណា។

ដោយមានការណែនាំពីមិត្តភក្តិផង និងគ្រូណែនាំផង លោកបាន បញ្ចប់ស្នាដៃភាពយន្ដខ្លីមួយនៅឆ្នាំ ២០១៥ និងដែលស្នាដៃរបស់ លោកបានធ្វើដំណើរទៅតាមមហោស្រពភាពយន្ដអន្តរជាតិ។
រហូតដល់ឆ្នាំ ២០១៦ លោកបានចាប់ផ្ដើមនូវស្នាដៃថ្មីសន្លាងមួយ ដែលស្ថិតក្នុងប្រភេទភាពយន្ដ ឯកសារបែបប្រឌិត។

ភាពយន្ដនោះមានចំណងជើងថា៖ «អគារប៊ូឌីញស ឬ White Building» ដែលបានបញ្ចូលនូវការកាត់ តពីកុមារភាពរបស់លោក មួយចំនួននិងមួយចំនួនទៀតជាការប្រឌិតសាច់រឿងឡើងបង្កប់ទៅដោយមនោសញ្ចេតនា។

ភាពយន្ដនេះផងដែរបានឈ្នះនូវពានរង្វាន់ Special Selection ក្នុងមហោស្រពភាពយន្ដទីក្រុង Venice នៃប្រទេស Italy កាលពីឆ្នាំ ២០២១កន្លងទៅ។ ក្រៅពីនោះ ភាពយន្តឯកសារមួយនេះបាន ធ្វើ ដំណើរជុំវិញពិភពលោក ឆ្លងកាត់ការចាក់បញ្ចាំងនៅតាមរោង ភាពយន្ដ ល្បីៗជាច្រើនកន្លែង ផងដែរ។

យ៉ាងណាមិញ ក្នុងនាមជាផលិតករមួយរូប លោក កាវិច ក៏ឆ្លង កាត់នូវឧបសគ្គជាច្រើនរាប់មិនអស់។ ឧបសគ្គមួយក្នុងចំណោម ឧបសគ្គផ្សេងៗទៀត គឺការយល់ដឹង និងការឱ្យតម្លៃពីសំណាក់ ប្រជាជនខ្មែរ ទៅលើស្នាដៃដែលផលិតបានក្នុងស្រុក។
លោកបានរៀបរាប់ថា៖ «សព្វថ្ងៃ ខ្ញុំខំប្រឹងប្រែងធ្វើការងារ ផលិតភាពយន្ដនេះឱ្យបានល្អបំផុតតាម ដែលអាចធ្វើទៅបាន តែខ្ញុំមិនរំពឹងអ្វីច្រើនទៅលើការកែប្រែការយល់ឃើញរបស់ប្រជាជនយើងទេ ព្រោះរឿងនេះវាត្រូវការពេលច្រើន»។

លោក នាង កាវិច បន្តថា៖ «អ្វីដែលខ្ញុំព្យាយាមរាល់ថ្ងៃ គឺដើម្បីជា ការជំរុញទឹកចិត្ត និងជួយជាជំនួយ ដល់ក្មេងជំនាន់ក្រោយ ដែលស្រឡាញ់ និងចូលចិត្តធ្វើការក្នុងឧស្សាហកម្មភាពយន្ដ»។
ធនធានមនុស្សគឺជាកង្វះខាតដ៏ធំធេងមួយដែលកម្ពុជាយើងត្រូវការក្នុងការស្រោចស្រង់វិស័យភាពយន្ដ តែក៏មិនអាចទៅបង្ខំអ្វីបានដែរ ពោលគឺត្រូវធ្វើទៅតាមដំណាក់កាល។

បើជំនាន់របស់លោកធ្វើមិនបាន ជំនាន់បន្ទាប់ទៀតអាចនឹងធ្វើបាន។
ប៉ុន្តែនេះ ក៏មិនមែនមានន័យថា លោកបោះបង់ចោលនូវការងារជា ផលិតករនោះដែរ ផ្ទុយទៅវិញគឺលោកបន្តធ្វើការលើវិស័យនេះ ដើម្បីជាការត្រួសត្រាយផ្លូវទៅវិញ។ លោកក៏បានបង្ហើបផងដែរថា ខ្លួនកំពុងតែប្រមែប្រមូលគំនិតក្នុងការសរសេរស្នាដៃថ្មីមួយទៀតឡើង ប៉ុន្តែរឿងនោះនឹងមានភាព ខុសប្លែកពីរឿងអគារប៊ូឌីញ ដោយលោកព្យាយាមធ្វើក្រៅពីបទពិសោធន៍ផ្ទាល់ខ្លួន។
ស្នាដៃថ្មីនេះ នឹងទាមទារពេលវេលាច្រើន មិនខុសពីស្នាដៃ ចាស់នោះឡើយ ដោយលោកបញ្ជាក់ថា ការផលិតភាពយន្ដ បែបឯកសារមួយ អ្នកផលិតត្រូវដាក់ខ្លួនចូលទៅរស់នៅក្នុង ស្ថានភាពដែលខ្លួន មានបំណងចង់សរសេរឡើងតែម្ដង ដើម្បីឱ្យទទួលបានអារម្មណ៍ពិតៗ។

រឿងអគារប៊ូឌីញអាចធ្វើទៅបានល្អ ក៏ដោយសារតែខ្លួនលោក ជាអ្នករស់ នៅក្នុងនោះស្រាប់ ដូច្នេះហើយការបញ្ចេញបញ្ចូលសាច់ រឿង ភាពស្រណោះសោកស្ដាយ អនុស្សាវរីយ៍ ការយល់ឃើញរបស់ ក្រុមគ្រួសារសិល្បៈករ គឺលោកអាចបង្ហាញចេញបាន ដោយល្អ ឥតខ្ចោះ។

ផលិតករភាពយន្ដឯកសាររូបនេះ បានរំលេចជាសារថា៖ «មិនសំខាន់ថាអ្នកចាប់ផ្ដើមពីចំណុចណា ចង់ឈានទៅកាន់ ចំណុចណានោះទេ អ្វីដែលសំខាន់បំផុតគឺកុំឱ្យអតីតកាល សម្រេចជោគវាសនា របស់អ្នក»។

ក្រៅតែពីការខិតខំប្រឹងប្រែងជាង១០ឆ្នាំរបស់លោកនេះ លោកក៏ត្រូវបានជ្រើសរើសទៅជា «បុគ្គលល្អ ឯក» សម្រាប់ឆ្នាំ ២០២២ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ABC ផងដែរ។ ស្នាដៃ និងមរតក របស់លោក នាង កាវិច គឺត្រូវបានកត់ត្រាទុក ដើម្បីជាការជំរុញបន្តទៀត ឆ្ពោះទៅរកការកែប្រែដ៏ល្អមួយ៕
ដោយ៖ កែវ បុស្បា

ads banner