រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញ ចូលរួមកិច្ច ពិគ្រោះយោបល់ក្រៅផ្លូវការ នៅប្រទេសថៃ
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានអញ្ជើញនដឹកនាំប្រតិភូ ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ នាថ្ងៃទី២២ធ្នូ នៅប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែធ្នូ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសនៃ ព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុង កិច្ច ពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿន វឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា៕ ដោយ ៖សួង ពិសិដ្ឋ

