ក្រសួងទេសចរណ៍កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាបានផ្តោតទៅលើ៖
• ការស្រាវជ្រាវ និងអភិវឌ្ឍន៍
• ការបណ្ដុះបណ្ដាលធនធានមនុស្ស
• ការផ្សព្វផ្សាយ និងការឃោសនា
• សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម
• ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ និង
• ការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍
ជាគួរឲ្យកត់សម្គាល់ នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៦,២លាននាក់ កើន ១០,៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១,២% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជាបានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន៥៨ជើងក្នុងមួយសប្តាហ៍ពីប្រទេសម៉ាឡេស៊ី មកអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន៧ជើង ក្នុងមួយសប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបមានចំនួន១១ជើង ក្នុងសប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន៤០ជើង ក្នុងមួយសប្តាហ៍៕ធ.ដ




