កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនបុរសចិន ២នាក់ ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអ៊ីនធឺណិត និងគ្មានលិខិតឆ្លងដែន) ក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ បុរសជនជាតិចិន ចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈចុះពិនិត្យរដ្ឋបាលនៅគោលដៅចំនួន២ សង្កាត់វាលស្បូវ និងសង្កាត់និរោធ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៣០នាទី ក្នុងនោះ បុរសចិនម្នាក់ ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអ៊ីនធឺណិត) ដែលសមត្ថកិច្ចចិនកំពុងស្វែងរក និងម្នាក់ទៀតពាក់ព័ន្ធបទល្មើស (គ្មានលិខិតឆ្លងដែន)។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានចុះធ្វើរដ្ឋបាលបានចំនួន០២គោល ដៅរួមមាន ទី១-គោលដៅទី០១ នៅផ្ទះលេខ ១៤០ផ្លូវChaster សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិន ម្នាក់ ឈ្មោះ ZHANG ZHIJIANG ភេទប្រុស កើតថ្ងៃទី០៥/០៥/១៩៩៦ ពាក់ព័ន្ធបទល្មើស គ្មានលិខិតឆ្លងដែន(មុខសញ្ញារបស់ប៉ូលិសចិន) និងគោលដៅទី០២-នៅផ្ទះលេខ៣៩ ផ្លូវP10D សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀតឈ្មោះ Guan Shibo ភេទប្រុសកើត ថ្ងៃទី២៥/០៦/១៩៩៦ ពាក់ព័ន្ធបទល្មើស គ្មានលិខិតឆ្លងដែន។
សមត្ថកិច្ចបានបន្ថែមថា គោលបំណងធ្វើរដ្ឋបាល ដើម្បីស្វែងរកបុរសចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មានឈ្មោះ ZHANG ZHIJIANG និងឈ្មោះ WANG SHENGYU ដោយយោងតាមសំណើពីទូតចិនប្រចាំកម្ពុជា បានកំណត់ទូតស្នើសុំស្វែងរកឃាត់ខ្លួន រួចបញ្ជូនទៅប្រទេសចិនវិញ។ ក្នុងចំណោមបុរសចិន២នាក់ ដែលបានឃាត់ខ្លួន គឺបុរសម្នាក់ឈ្មោះ ZHANG ZHIJIANG ជាប់ពាក់ព័ន្ធ។
បច្ចុប្បន្ន ជនជាតិចិនទាំង ០២នាក់ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបញ្ជូនបន្តទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី



