សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ មិនត្រឹមតែបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុប៉ុណ្ណោះនោះទេ តែក៏សម្រាប់ពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ សម្តេចតេជោ បានរំលឹកថា ផ្លូវ១៤៦Bនេះ គឺជាផ្លូវដែលមានការបិណ្ឌបាត្រផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស ដូច្នេះហើយទើបផ្លូវនេះបានដាក់ឈ្មោះថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព្យ វង្ស។ សម្តេច ថា ផ្លូវ១៤៦B និង១៤៨ ដែលសម្ពោធ នេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាសន្សំរបស់ជាតិ។
សម្តេចតេជោបានកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុនាពេលនេះ។ សម្តេចបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ បើទោះបីជាមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ តែបើគ្មានផ្លូវតភ្ជាប់១៤៦B និង១៤៨ទេ នោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាក នៃធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ សម្តេចតេជោបានរំលឹកថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុបមាន៤០០លានដុល្លារ រួមទាំងទាំងការសាងសង់ផ្លូវនៅពេលនេះផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍន៍ កសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា ដូចជាការសាងសង់ ស្ពានតភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប,ស្ពានទន្លេមេគង្គខេត្តក្រចេះ និងផ្លូវដែកល្បឿនលឿនជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្លូវដែកបច្ចុប្បន្ន គឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។ សម្ដេច បន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿន គឺមិនចំណាយពេលយូរនោះទេដោយសារតែកម្ពុជា មានផ្លូវដែកស្រាប់ នៅពេលបច្ចុប្បន្ន។ កម្ពុជា ត្រូវការការតភ្ជាប់ផ្ទៃក្នុង ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។ បើយើងមិនធ្វើបញ្ហានេះទេ រឿងគឺនៅដដែល។ សម្ដេច ថា ក្រៅពីនោះ ក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត ក្នុងប្រទេសកម្ពុជាផងដែរ ។
សម្តេចតេជោបានសង្កេតឃើញថា ផ្លូវល្បឿនលឿន មិនទាន់មានឡានដឹកទំនិញ លើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរតែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ។ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់។ សម្តេចអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ ស្របពេលដែលបច្ចុប្បន្នសាំងកំពុងឡើងថ្លៃ ហើយបើពួកគេងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងកាត់បន្ថយការប្រើប្រាស់សាំងបានយ៉ាងច្រើន ខណៈតម្លៃនៃការប្រើប្រាស់វិញ ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធំៗទាំងនេះ នឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននៅលើផ្លូវលេខ៤បានផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃផ្លូវដែលត្រូវសម្ភោធនៅថ្ងៃនេះ ដែលជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោក៏ ហ៊ុន សែន នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋពេលដែលទទួលបានផ្លូវស្អាតហើយនោះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសការបើកបរដោយមានការប្រុងប្រយ័ត្នជានិច្ច ត្រូវគោរពតាមការកំណត់ល្បឿនបើកបរ និងបើកបរប្រកបដោយការយោគយល់គ្នា ជៀសការបង្ករគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាពលរដ្ឋរបស់យើង មិនគោរពច្បាប់ចរាចរណ៍នោះទេ គឺគាត់គោរពប៉ូលីសចរាចរណ៍នៅពេលដែលមានប៉ូលីសចរាចរណ៍ គាត់គោរពច្បាប់ ប៉ុន្តែនៅពេលដែលមិនមានប៉ូលីសចរាចរណ៍ គឺគាត់មិនគោរពនោះទេ គឺគាត់បើកបរមួយអស់ដៃតែម្តង ។ បញ្ហានេះ សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវវប្បធម៌គោរពច្បាប់ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ។ សម្ដេចបន្តថា បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រួយបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ក្នុងពិធីនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដោយមិនចំឈ្មោះទៅបុគ្គលម្នាក់ ដែលសម្ដេចហៅថា អាខ្មៅ ដែលបែកធ្លាយរឿងអាស្រូវផឹកស្រា និងមានស្រីឱ្យចេញបកស្រាយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានទទួលដំណឹងពីសហរដ្ឋអាមេរិក ដែលបានឲ្យដំណឹងថា បុគ្គលដែលសម្ដេចហៅថា អាខ្មៅ ដែលទំនងជាសំដៅទៅលោក ប៊ុត ប៊ុនតិញ នេះបានផឹកស្រាក្រហម ហើយមានដឹកស្រីមេម៉ាយម្នាក់ចេញទាំងកណ្ដាលយប់ ។ សម្ដេច បានបន្តថា៖ អ្នកណាផឹកស្រាក្រហម? ហើយមេម៉ាយហ្នឹងជាអ្នកណា ដែលគេដឹកចេញទាំងយប់ហ្នឹង ហើយមុនដឹកចេញហ្នឹង តើស្រីមេម៉ាយហ្នឹងនៅជាមួយអ្នកណា ឬក៏នៅជាមួយអាខ្មៅ? សម្ដេចតេជោ ហ៊ុន សែន បានទទួលដំណឹងពីខ្មែរអាមេរិកាំងម្នាក់ ដែលហៅឈ្មោះខ្លួនឯងថា ស្រគាល ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។ សម្ដេច បានផ្ដាំទៅគណបក្សនោះថា កុំឲ្យរដ្ឋាភិបាលចាប់ភស្ភុតាងបានឲ្យសោះ ។ ថ្វីត្បិតតែសម្ដេចតេជោ នាយករដ្ឋមន្ត្រី មិនបានបញ្ចេញឈ្មោះគណបក្សនោះ ប៉ុន្តែទំនងជាគណបក្សភ្លើងទៀន ធ្លាប់ជាគណបក្ស ដែលទណ្ឌិត សម រង្ស៊ី បានបង្កើត ។ ជាមួយនេះ សម្តេចតេជោ បានជំរុញឱ្យតាមពិនិត្យមើលប្រាក់សងជំងឺចិត្តចំពោះបទបរិហារកេរ្តិ៍ថែមទៀត ខណៈដែលសម្តេចទើបតែទទួលបានប្រាក់សំណងនេះជាង៧សែនដុល្លារប៉ុណ្ណោះ ពីការលក់ផ្ទះរបស់លោក សម រង្ស៉ី (អតីតស្នាក់ការគណបក្ស) ដោយនៅខ្វះប្រមាណ៣សែនដុល្លារទៀត ក្នុងការទាមទារសំណងជំងឺចិត្ត១លានដុល្លារ។ ផ្ទះរបស់លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតុលាការរឹបអូសកន្លងមក ត្រូវបានលក់ទៅឱ្យភាគីមួយ កាលពីពេលកន្លងទៅនេះ ក្នុងតម្លៃ ១ ៦៥២ ០០០ ដុល្លារអាមេរិក ដើម្បីសងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤ភាគី និងផាកពិន័យតាមដីកាតុលាការ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍បន្តបន្ទាប់កន្លងទៅ។ សម្តេចតេជោ បានរំលឹកអំពីការដាក់ចេញគោលនយោបាយរបស់ លោក សម រង្ស៉ី «មានស៊ីអត់សែន មានសែនអត់ស៊ី» កាលពីឆ្នាំ២០០៣ នៅខេត្តសៀមរាប ដោយសម្តេចលើកឡើងថា «ឥឡូវកំពុងមានសែនអត់ស៊ី»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «បោះឆ្នោតនៅហ្នឹង បោះពីម៉ោង៧ព្រឹកនាំគ្នាចូលបោះ ម៉ោង៣ល្ងាចបិទរួចហើយរាប់ជាមួយគ្នា រួចហើយវាថាឯងចោរលួចសន្លឹកឆ្នោត អញ្ចឹងបើចោររហូត ឱ្យតែនរណានិយាយចោរគឺថាប្តឹងអាហ្នឹង អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងតែម្តង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា អ្នកដែលចោទគណបក្សប្រជាជនកម្ពុជាជាចោរ គឺត្រូវតែប្តឹង ហើយការប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន គឺជាការលុបបំបាត់វប្បធម៌លាបពណ៌ក្រោយពេលបោះឆ្នោត។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បើគ្មានការប្តឹងរកយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជាទេនោះ គណបក្សនេះនឹងមានឈ្មោះជាចោររហូត ដោយសារតែការនិយាយបំភ្លៃ និងផ្តេសផ្តាស ពីគណបក្សប្រឆាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា «នៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ភាពជាប្រធានអាស៊ានរបស់កម្ពុជា ត្រូវបានបញ្ចប់។ ឆ្នាំនេះយើងធ្វើប្រធានអាស៊ាន កម្មវិធីច្រើនណាស់ តែក៏ទទួលបានកិត្តិយសសម្រាប់កិច្ចការដ៏សំខាន់មួយនេះ»។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា បានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បង្ហាញនូវសមត្ថភាព និងភាពជឿជាក់របស់កម្ពុជា ក្នុងការបំពេញតួនាទីភារកិច្ចក្នុងតំបន់ និងអន្ដរជាតិ ដែលចូលរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាជនកម្ពុជារស់នៅកន្លែងនានា ដែលពាក់ព័ន្ធនឹងការរៀបចំទីតាំងប្រជុំ ដែលបានជួយសហការ និងយោគយល់ ឲ្យកិច្ចប្រជុំប្រព្រឹត្តិទៅដោយជោគជ័យ។ សម្តេចតេជោ ក៏បានអរគុណដៃគូកម្ពុជា និងដៃគូរបស់អាស៊ាន ដែលបានគាំទ្រកម្ពុជា ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ធ្វើការងារបានយ៉ាងលើដំណើរការកិច្ចប្រជុំនានា ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុចាប់ពីពេលនេះតទៅ៕ ដោយ : វណ្ណលុក



