រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ វិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។
កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្រ្តនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកបដោយសន្តិវិធី។
កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។ កម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល៕ ដោយ សួង ពិសិដ្ឋ


