ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ហើយការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់ បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ។

ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បំពេញតួនាទីមិនឯករាជ្យទៅតាមច្បាប់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនេះថា ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់ពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមកនេះទេ។ ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលទទួលបាន គឺជាសមិទ្ធផលដែលបង្ហាញអំពីការនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សុខសន្តិភាព និងមានការអភិវឌ្ឍន៍នេះហើយ វាគឺជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត។

អគ្គលេខាធិការរងបានបញ្ជាក់ថា ការរៀបចំការបោះឆ្នោតរបស់កម្ពុជាមានតាំងពីដើមកន្លងមករហូតមកដល់បច្ចុប្បន្ន គឺជាការរៀបចការបោះឆ្នោតមួយដែលធ្វើឡើងដោយពុំមានការលើកពេលដោយសារស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ពិសេសគឺក្នុងស្ថានភាពដែលប្រទេសជាតិមានសន្តិភាពនេះហើយ ដែលនេះគឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើង។ ការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិមួយប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ ហើយគោលនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលចែងក្នុងរដ្ឋធម្មនុញ្ញក៏មិនអាចអនុវត្តទៅបាននោះដែរ៕
ដោយ៖ពលជ័យ

ads banner