សម្តេចតេជោ ហ៊ុន សែន អបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ និងប្រកាសជួយឱ្យសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ ជាមួយការប្រកាសជួយឱ្យកុមារារូបនេះសិក្សា ចប់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ភ្ជាប់ជាមួយសំណេរតាមបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា៖ ល្ងាចនេះ ឆ្លៀតជួបចៅ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឳពុកម្តាយ និងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។

សម្ដេចបន្តថា ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំ គឺបានធ្វើឲ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំគឺជួយគីមហុងឲ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។

សម្ដេចតេជោ បានបន្ថែមថា បំណងចុងក្រោយរបស់ខ្ញុំ គឺបណ្តុះបណ្តាលគីមហុង ឲ្យជាប់ថ្នាក់បណ្ឌិត ខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ឲ្យខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ ៕ ដោយ ៖ វណ្ណលុក