លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម នៅសណ្ឋាគារ The Nalod Da nag ប្រទេសវៀតណាម នារសៀលថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។

លោកជំទាវបានប្រសាសន៍ថា ៖ ពិធីសំណេះសំណាលនេះ រៀបចំស្របពេលដែលប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ប្រារព្ធខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត។ ក្នុងនោះផងដែរ ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លាជាលំដាប់ នៅគ្រប់កម្រិត និងគ្រប់វិស័យ។

លោកជំទាវក៏បានអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្ស ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្រ្តី។

ឯកឧត្តម Nguyen Duc Hai បានបញ្ជាក់អំពី លទ្ធផលវិជ្ជមាននៃក្រុមសមាជិកសភាមិត្តភាពទាំងពីរ រួមទាំងការរួមចំណែករបស់ប្រធានរដ្ឋសភាកម្ពុជា និងព្រឹទ្ធសភាទាំងពីរ។ ចំណែកឯនាពេលខាងមុខ ទំនាក់ទំនងការទូតសភារវាងប្រទេសទាំងពីរនឹងកាន់តែមានភាពប្រសើរឡើង ក្លាយជាស្នូលនៃកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ រួមជំរុញការសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ៕ ដោយ ថេត វិចិត្រ +ហេងសម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner