ហ្សេលេនស្គី ស្វែងរកការចូលរួមពីឥណ្ឌាលើការអនុវត្ត «រូបមន្តសន្តិភាព»

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានថ្លែងកាលពីថ្ងៃចន្ទទី ២៦ ខែធ្នូថា លោកស្វែងរកការចូល រួមពីឥណ្ឌាលើការអនុវត្ត «រូបមន្តសន្តិភាព» ក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។

កិច្ចសន្ទនានិងសំណើរបស់អ៊ុយក្រែននេះ ធ្វើឡើងខណៈ ប្រទេស ឥណ្ឌា ដែលមិនបានថ្កោលទោសរុស្ស៊ីចំពោះការ ឈ្លានពានអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈនោះ កំពុងស្វែងរក ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូ ស្របពេលដែលប្រទេសលោកខាងលិចដាក់ចេញនូវវិធានការថ្មីដើម្បីកំណត់ការផ្តល់មូលនិធិឱ្យរុស្ស៊ីយកទៅធ្វើសង្រ្គាម។

លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញធ្វីតធ័រថា៖ «ខ្ញុំបានទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ហើយបានជូនពរឱ្យលោកទទួលបានជោគជ័យជាប្រធានកិច្ចប្រជុំ G-20»។

លោកបន្តថា ៖ «ខ្ញុំប្រកាសអំពីរូបមន្តសន្តិភាពនៅលើវេទិកា នេះ ហើយឥឡូវនេះខ្ញុំពឹងផ្អែកលើការចូលរួមរបស់ឥណ្ឌាក្នុង ការអនុវត្តរបស់វា»។
ក្នុងកិច្ចសន្ទនាកាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គី និងលោក ម៉ូឌី បានពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ហើយមេដឹកនាំ ឥណ្ឌា បានរំឭកឡើងវិញ នូវការអំពាវនាវរបស់លោកឱ្យ បញ្ចប់ អរិភាពជាបន្ទាន់ ហើយវិលត្រឡប់ទៅរកការចរចាផ្នែកការទូត ក៏ដូចជាកិច្ចសន្ទនាដើម្បីសន្តិភាព។នេះបើតាមការរាយការណ៍ របស់កាសែតឥណ្ឌា Hindustan Times។

សេចក្ដីថ្លែងការណ៍ពីរដ្ឋាភិបាលឥណ្ឌាបានគូស បញ្ជាក់ផង ដែរថា លោក ម៉ូឌី បានបង្ហាញពីការគាំទ្ររបស់ឥណ្ឌា លើកិច្ច ខិតខំប្រឹងប្រែងសន្តិភាពណាមួយ ហើយបានធានានូវការប្តេជ្ញា ចិត្តរបស់ឥណ្ឌាក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីវិលអ៊ុយក្រែនដែលរងផលប៉ះពាល់។

សេចក្ដីថ្លែងការណ៍របស់ឥណ្ឌា មិនបានគូសបញ្ជាក់ ដោយ ផ្ទាល់លើ «រូបមន្តសន្តិភាព» របស់លោក ហ្សេលេនស្គី នោះទេ។ កាលពីខែមុន លោក ហ្សេលេនស្គី បានស្នើដល់ ប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G-20) ឱ្យអនុម័តរូបមន្ត សន្តិភាព ១០ ចំណុចរបស់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាម។ ចំណុចទាំង ១០ នោះ រួមមានសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ ស្បៀង សន្តិសុខថាមពល ការដោះលែងអ្នកទោស និងជន ដែល រុស្ស៊ីនិរទេសទាំងអស់ ការស្ដារឡើងវិញនូវបូរណភាព ទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ការទប់ស្កាត់ការបង្កើនភាពតានតឹងនៃសង្រ្គាម និងការបញ្ជាក់ ពីការបញ្ចប់សង្គ្រាម។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីដើមខែតុលាជាមួយលោក ហ្សេលេនស្គី លោក ម៉ូឌី បានសង្កត់ធ្ងន់លើ សារៈសំខាន់ ដែលឥណ្ឌាយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសន្តិសុខនុយ ក្លេអ៊ែរនៅអ៊ុយក្រែន។ លោកបានលើកឡើងនាពេលនោះថា៖ «មិនអាចមានដំណោះស្រាយយោធាចំពោះជម្លោះនោះទេ»។
សូមបញ្ជាក់ថា ឥណ្ឌាបានបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយ រុស្ស៊ី ផ្ទុយទៅនឹងអ្វីដែលសម្ព័ន្ធមិត្តលោកខាងលិចធ្វើ ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាទ័ពឱ្យចូល ឈ្លានពានអ៊ុយក្រែន។

ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងធំទី២របស់រុស្ស៊ីបន្ទាប់ពីចិន ហើយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះបានថ្លែងថា ក្នុង នាម ជាអ្នកប្រើប្រាស់ប្រេង និងហ្គាសធំជាងគេទី ៣ របស់ ពិភពលោក ឥណ្ឌាត្រូវមើលថែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយ បានហៅរុស្ស៊ីថា «ជាដៃគូស្ថិរភាព និងយូរអង្វែង»៕
ដោយ៖ហួន ឌីណា
ប្រភព៖ Ukraine’s Zelenskyy seeks India PM Modi’s help with ‘peace formula’

ads banner