ប្រមុខការទូតរុស្ស៊ីព្រមានថា គោលនយោបាយរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងមហាអំណាចនុយក្លេអ៊ែរ
មូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ ថ្លែងថា គោលនយោបាយរបស់បស្ចិមប្រទេស ក្នុងការទប់ស្កាត់រុស្សី គឺមានគ្រោះថ្នាក់ខ្លាំង និងប្រថុយនឹងហានិភ័យនៃការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ក្នុងថ្ងៃអង្គារសប្តាហ៍នេះ លោក ឡារូវ បាននិយាយយ៉ាងដូច្នេះថា ការប៉ាន់ស្មានខ្វះការទទួលខុសត្រូវ ដែលថា រុស្ស៊ីហៀបនឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែននោះ កំពុងលាតត្រដាងឥតឈប់ឈរនៅលោកខាងលិច។
លោកថា យើងកំពុងនិយាយអំពីអ្វីដែលខុសគ្នាទាំងស្រុង… គោលនយោបាយរបស់បស្ចិមប្រទេស ក្នុងការទប់ស្កាត់ប្រទេសរបស់យើង គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ វានឹងនាំមកនូវហានិភ័យនៃការធ្លាក់ចូលទៅក្នុងការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ។
ប៉ុន្តែលោកថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរបានទេ។
ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា អ្នកនយោបាយលោកខាងលិចកំពុងបង្ហាញយ៉ាងច្បាស់នូវវោហាសាស្ត្ររបស់ពួកគេ លើបញ្ហានៃសង្គ្រាមនុយក្លេអ៊ែរ ហើយវាគឺជាពួកគេដែលគួរត្រូវបានសួរ ថាតើប្រធានបទនេះនឹងបន្តនៅឆ្នាំ ២០២៣ដែរឬទេ។
ទន្ទឹមគ្នា លោក ឡារូវ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃោសនានៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចជាទូទៅទាក់ទងនឹងអាវុធនុយក្លេអ៊ែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

