អ្នកទេសចរជនជាតិអៀរឡង់ធ្លាក់ពីលើរថភ្លើងនៅប្រទេសថៃ បណ្តាលឲ្យស្លាប់

បាងកក៖ អ្នកទេសចរជនជាតិអៀរឡង់ម្នាក់ដែលទៅលេងកម្សាន្តនៅប្រទេសថៃត្រូវបានគេអះអាងថា បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើរថភ្លើងដែលកំពុងធ្វើដំណើរពីទីក្រុងបាងកកទៅកាន់ខេត្ត Kanchanaburi ។

បុរសដែលបានចូលប្រទេសថៃ កាលពីថ្ងៃច័ន្ទ ត្រូវបានគេស្គាល់ថាឈ្មោះ Patrick Ward អាយុ ៤៥ ឆ្នាំ ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Ward បានធ្វើដំណើរតាមរថភ្លើងជាមួយក្រុមទេសចរណ៍ពីទីក្រុងបាងកកទៅកាន់ទីប្រជុំជន Kanchanaburi នៅលើផ្លូវមួយដែលមានឈ្មោះថា The Burma Railway ជាកន្លែងដែលមានស្ពាននៅលើ River Kwai។ ស្ពាននេះត្រូវបានធ្វើឱ្យល្បីល្បាញដោយប្រលោមលោកនិងខ្សែភាពយន្តឆ្នាំ ១៩៥០ ដែលមានឈ្មោះថា The Bridge on the River Kwai ។

ផ្លូវដែកដែលតភ្ជាប់ប្រទេសថៃទៅភូមាមួយនេះ ត្រូវបានសាងសង់ឡើងដោយកម្លាំងពលកម្ម កំឡុងការកាន់កាប់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ហើយត្រូវបានគេស្គាល់ថាជា “ផ្លូវដែកមរណៈ” ពីព្រោះអ្នកទោសសង្រ្គាមសម្ព័ន្ធមិត្តជាង ១២០០០ នាក់ និងកម្មករបង្ខំរាប់ម៉ឺននាក់បានស្លាប់ ក្នុងអំឡុងពេលសាងសង់។

យោងតាមសាក្សីបានឲ្យដឹងថា នៅពេលដែលរថភ្លើងបានបន្ថយល្បឿននៅកន្លែងដែលមានទេសភាព ពេលនោះ លោក Ward បានបើកទ្វារក្នុងទូរថភ្លើង ហើយបានធ្លាក់ពីជម្រាលភ្នំ កម្ពស់ចន្លោះពី ៧ ទៅ ៨ ម៉ែត្រ។ ការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងបាងកក ហើយប៉ូលីសបានសាកសួរសមាជិកក្រុមទេសចរណ៍ដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕ ប្រភពពី AP , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner