សហគមន៍ពាមក្រសោបតំបន់ទេសចរណ៍បែបធម្មជាតិ និងមានអាហារបែបអ្នកស្រុកដ៏មានឱជារស

ខេត្តកោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ប្រកបដោយ ទេសភាពនៃទឹកសមុទ្រសម្បូរទៅដោយព្រៃកោងកាង ដៃសមុទ្រ ព្រែក និងផ្ទៃសមុទ្រដ៏ស្រស់បំព្រងដែលគយគន់មិនចេះនឿយណាយ។

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានរៀបរាប់ប្រាប់ថា៖ ក្នុងមួយថ្ងៃៗតែងមានអ្នកទេសចរណ៍ចូលកម្សាន្តតំបន់នេះមិនចេះដាច់ ហើយរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានតែងមានអ្នកទេសចរចូលកម្សាន្តយ៉ាងច្រើនកុះករ។

អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបរូបនេះបានឱ្យដឹងជុំវិញតំបន់ទេសចរណ៍នៅកន្លែងនេះ មានទីកម្សាន្តច្រើនកន្លែង ទាំងជិះទូកកម្សាន្ត កញ្ចុះអង្គុយតាមដៃសមុទ្រ ផ្សារលក់វត្ថុអនុស្សាវរីយ៍ ជាដើម ។ ក្រៅពីនេះក៏មានចំណីអាហារពិសេសៗប្រចាំមូលដ្ឋាន ដូចជាគ្រុំចំពុះទា ក្តាមសមុទ្រ បង្គា បង្កងដែលសុទ្ធសឹងជាអាហារ ចម្អិនដោយប្រជាសហគមន៍មានរសជាតិឆ្ងាញ់ពិសាររង់ចាំគ្រប់ពេលវេលា។

គួរបញ្ជាក់ថា នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ប្រជុំទៅដោយប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប។ ក្រៅពីនេះក៏មានទីកន្លែងកម្សាន្តដោយមានកន្លែងចិញ្ចឹមត្រី និងគ្រុំចំពុះទា ច្រើនព្រៃកោងកាង,អណ្ដូងបុរាណ ដែលមានទឹកសាប អាចឱ្យប្រជាជនប្រើប្រាស់បានគ្រប់រដូវ។

ក្នុងសហគមន៍នេះក៏មានស្ពានបេតុងប្រវែង ៦៦៦ ម៉ែត្រ សម្រាប់ដើរទស្សនាកម្សាន្ត ក្នុងព្រៃកោងកាង,មានស្ពានយោល ប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរឆ្លងកាត់ ទស្សនា ទេសភាពដងព្រែង,មានប៉ម ដែលមានកម្ពស់រហូតដល់ ១៧ ម៉ែត្រ ឱ្យភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់ នៃព្រៃកោងកាង ព្រែក និងសមុទ្រផងដែរ។អ្វីដែលកាន់តែពិសេសដែលគេមិនអាចមើលរំលងនោះគឺសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប នៅមានសត្វផ្សោតសមុទ្រសម្រាប់ទស្សនាថែមទៀតផង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner