សម្ដេចតេជោ ហ៊ុន សែន ការរកបាននូវសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ មិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូចកម្ពុជានោះទេ
កំពត៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ការរកបាននូវសន្តិភាពរបស់កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ គឺមិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូចកម្ពុជានោះទេ។ សម្ដេចថា មកដល់ពេលនេះ មានរយៈពេល ២៤ឆ្នាំហើយ ដែលកម្ពុជា បានបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះឈ្នះ ហើយថា បើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលរំលឹកដូចនេះ នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៅដល់ខួប២៤ឆ្នាំដែលកម្ពុជាបានបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ នោះទេ មិនដឹងជាកម្ពុជាយើងរីកចម្រើនយ៉ាងណាទេក្រោមការដឹកនាំរបស់ព្រះអង្គ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចថា សង្រ្គាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ពោលគឺ លន់ នល់ ទ្រង់ សិរីមតៈ ចេង ហេង ប៉ុន្តែត្រូវបានអ្នកជំនាន់ក្រោយគឺសម្តេច ហ៊ុន សែន ជាអ្នកដោះស្រាយ តែនេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរដែលត្រូវពន្លត់សង្រ្គាម។ សន្តិភាព មានតម្លៃខ្លាំងណាស់ ដែលត្រូវតែការពារឱ្យបាន បើសិនជាការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍន៍ឱ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរកបាននូវសន្តិភាពរបស់កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ គឺមិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូចកម្ពុជានោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា អ្នកដែលមានសមត្ថភាពក្នុងការរកសន្តិភាព និងថែរក្សាការពារសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ៕ ដោយ វណ្ណលុក


