ប្រមុខអង្គការណាតូ ព្រមានពីការវាយលុកថ្មីរបស់រុស្ស៊ី ដែលអាចកើតមាន នៅអ៊ុយក្រែន
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនប៊ឺគ នៅថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកខាងលិចចាំបាច់ត្រូវទប់ទល់នឹងជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយថា ការបញ្ជូនអាវុធទៅកាន់ទីក្រុងកៀវត្រូវតែបន្ត។
លោក ស្តូលធិនប៊ឺគ បានប្រាប់ទូរទស្សន៍ BBC ថា ការចល័តទ័ពដោយផ្នែករបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញាកន្លងមកនេះ បានបង្ហាញថា ទីក្រុងមូស្គូមិនមានគម្រោងបញ្ចប់អរិភាពនាពេលខាងមុខនោះទេ។ លោកបានអះអាងថា អ្វីៗទាំងអស់បានបង្ហាញថា ពួកគេ (រុស្ស៊ី) បានត្រៀមខ្លួន ដើម្បីបន្តសង្គ្រាម ហើយក៏ព្យាយាមបើកការវាយលុកថ្មីមួយផងដែរ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខអង្គការណាតូរូបនេះបានធ្វើការអំពាវនាវដល់លោកខាងលិច បន្តផ្គត់ផ្គង់សព្វាអាវុធ និងទម្រង់ជំនួយផ្សេងទៀតដល់អ៊ុយក្រែន។
បើតាមលោក ស្តូលធិនប៊ឺគ ការបញ្ជូនអាវុធដល់អ៊ុយក្រែនជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឱ្យរុស្ស៊ីវិលទៅរកតុចរចាដោយស្មោះត្រង់ និងគោរពអ៊ុយក្រែនជាប្រទេសឯករាជ្យ និងអធិបតេយ្យភាពនៅអឺរ៉ុប៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា

