អូស្រ្តាលី និងកាណាដាចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ លើអ្នកដំណើរទាំងអស់មកពីចិន

ប្រទេស និងដែនដីជាច្រើនបានចាត់វិធានការរឹតបន្តឹងលើអ្នកដំណើរមកពីប្រទេសចិន ចំពេលមានការកើនឡើងករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ខណៈដែលអូស្ត្រាលី និងកាណាដាបានទាមទារឱ្យបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះអ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ។

រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ម៉ាក បាត់ធ្លឺ បានលើកឡើងពី “កង្វះព័ត៌មានដ៏ទូលំទូលាយ” របស់ប្រទេសចិន អំពីករណីឆ្លងជំងឺកូវីដ១៩ ដែលជាហេតុផលនៅពីក្រោយតម្រូវការធ្វើតេស្តកូវីដលើអ្នកដំណើរទាំងអស់ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០៥ ខែមករានេះទៅ។

លោកថា វិធានការនេះនឹងការពារប្រទេសអូស្ត្រាលី ពីហានិភ័យនៃការរីករាលដាលវីរុសបម្លែងខ្លួនប្រភេទថ្មីដែលមានសក្តានុពល។ ចំណាត់ការទប់ស្កាត់ចុងក្រោយបំផុតនេះ ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលវីរុសកូវីដ១៩បានគ្របដណ្តប់លើមន្ទីរពេទ្យ និងផ្ទះបុណ្យសពនៅទូទាំងប្រទេសចិន។

អ្នកជំនាញសុខភាពសកលបាននិយាយថា មេរោគកូវីដ១៩ទំនងជាឆ្លងដល់មនុស្សរាប់លាននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីទីក្រុងប៉េកាំងបានរុះរើគោលនយោបាយ “សូន្យ-កូវីដ” របស់ខ្លួន ពីការបិទទ្វារដ៏តឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំកាលពីខែមុន។ បន្ថែមលើនេះ គណៈកម្មការសុខភាពជាតិចិនក៏បានបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃ ស្តីពីករណីឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ១៩ផងដែរ៕ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner