អត្រាមានការងារធ្វើនៅកាណាដា កើនឡើងជាង ១០ម៉ឺននាក់ក្នុងខែធ្នូ ឆ្នាំ២០២២
យោងតាមស្ថិតិរបស់ប្រទេសកាណាដា បានឱ្យដឹងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះថា អត្រាមានការងារធ្វើរបស់ប្រទេសកាណាដា បានកើនឡើងចំនួន ១០៤,០០០នាក់នៅក្នុងខែធ្នូ ឆ្នាំ២០២២ ហើយអត្រាគ្មានការងារធ្វើបានធ្លាក់ចុះរហូតដល់ ៥ភាគរយ។
ចំនួននិយោជិតបានកើនឡើងនៅក្នុងវិស័យឯកជន ខណៈដែលវាមានស្ថិរភាពនៅក្នុងវិស័យសាធារណៈ។ បើតាមទីភ្នាក់ងារស្ថិតិជាតិកាណាដា មានការកើនឡើងការងារនៅក្នុងវិស័យឧស្សាហកម្មមួយចំនួន រួមទាំងសំណង់ ក៏ដូចជាការដឹកជញ្ជូន និងឃ្លាំងទំនិញជាដើម។

ទីភ្នាក់ងារនេះបន្តថា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះ ០.១ភាគរយ ដែលនេះគឺជាការធ្លាក់ចុះលើកទីបីហើយ ក្នុងរយៈពេល ៤ខែ។ ទីភ្នាក់ងារនេះបន្ថែមថា កំណើនពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ឈ្នួលម៉ោងជាមធ្យមរបស់និយោជិត នៅតែកើនលើសពី ៥ភាគរយសម្រាប់ខែទី៧ជាប់ៗគ្នានៅក្នុងខែធ្នូ កើនឡើង ៥.១ភាគរយ ដល់ ៣២.០៦ដុល្លារកាណាដា ឬប្រមាណ ២៥.៦៤ដុល្លារអាមេរិក។

ម៉ោងធ្វើការសរុបត្រូវបានផ្លាស់ប្តូរតិចតួចលើមូលដ្ឋានប្រចាំខែនៅក្នុងខែធ្នូ ហើយកើនឡើង ១.៤ភាគរយ បើធៀបនឹងឆ្នាំមុន។ នៅក្នុងបរិបទការឆ្លងរាលដាលនៃជំងឺផ្តាសាយ និងវីរុសផ្លូវដង្ហើមផ្សេងទៀត បុគ្គលិកប្រមាណ ៨.១ភាគរយបានអវត្តមានពីការងារក្នុងខែធ្នូ ដោយសារជំងឺ ឬពិការភាព កើនឡើងពី ៦.៨ភាគរយនៅក្នុងខែវិច្ឆិកា។

តួលេខនេះគឺខ្ពស់ជាងមធ្យមភាគមុនផ្ទុះជំងឺរាតត្បាត ដែលមាន ៦.៩ភាគរយដែលបានកត់ត្រាក្នុងខែធ្នូ ចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ប៉ុន្តែទាបជាងកំណត់ត្រាខ្ពស់ ១០ភាគរយដែលបានកំណត់ក្នុងខែមករា ឆ្នាំ ២០២២ នៅពេលដែលវីរុសបម្លែងខ្លួនថ្មី អូមីក្រុង រីករាលដាលនៅទូទាំងប្រទេសកាណាដា៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា