សម្ដេចតេជោ ហ៊ុន សែន ៖ សន្តិភាពមួយមិនអាចគង់វង្សទៅបាននោះទេ បើពុំមានការអភិវឌ្ឍ
កំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ ថែរក្សាឱ្យបាននូវសុខសន្តិភាព សម្រាប់ការអភិវឌ្ឍ ហើយសន្តិភាពមួយមិនអាចគង់វង្សទៅបាននោះទេ បើសិនជាពុំមានការអភិវឌ្ឍនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាម បានឆាបឆេះនៅក្នុងប្រទេសរបស់យើង បន្ទាប់ពីរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុ ថ្ងៃទី១៨ មីនា ១៩៧០។ សម្ដេច បានបញ្ជាក់ថា ចាប់តាំងពីមានសង្រ្គាម កម្ពុជាយើងមានផលវិបាកដែលយើងដោះស្រាយមិនទាន់បានលើបញ្ហាមីន ទោះបីជាសង្រ្គាមបានបញ្ចប់នៅចុងឆ្នាំ១៩៩៨ ក៏ដោយ ក៏បញ្ហាមីន នៅតែដោះមិនទាន់អស់ដដែល។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព សម្រាប់ការអភិវឌ្ឍន៍ ហើយសន្តិភាពមួយមិនអាចគង់វង្សទៅបាននោះទេ បើសិនជាពុំមានការអភិវឌ្ឍន៍នោះ។
ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដែរថា មុននឹងយើងនិយាយពីសិទ្ធិផ្សេងៗ ពិសេសសិទ្ធិមនុស្ស គឺយើងត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតសិន ព្រោះថា បើមានជីវិតរស់នៅទើបយើងអាចមានសិទ្ធិផ្សេងៗទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា នៅក្នុងជំនាន់សង្រ្គាម និងសម័យប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ចុងកាំភ្លើង និងគ្រាប់ មិនស្គាល់សិទ្ធិមនុស្សនោះទេ ដូច្នេះហើយយើងត្រូវធ្វើយ៉ាងណារក្សាសន្តិភាពសម្រាប់កម្ពុជាឱ្យបាន ៕ ដោយ ៖ វណ្ណលុក


