ពិធីផ្ទេរភារកិច្ច និង ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ
ខេត្តសៀមរាប៖ អភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានប្រកាសផ្ទេរភារកិច្ច និង ចូលកាន់មុខតំណែងជាអភិបាលស្រុក កាលពីថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានតែងតាំងជា អភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប និង លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប ហើយពិធីប្រកាសនេះបានប្រព្រឹត្តទៅនៅស្រុកផ្សេងគ្នាផងដែរ ។
ឯកឧត្តម ទៀ សីហា បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។
ឯកឧត្តម បន្តថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផល ជាច្រើគួរជាទីមោទនភាព ។
ឯកឧត្តម ទៀ សីហា បានផ្តល់នូវអនុសាសន៍៨ចំណុចសម្រាប់រដ្ឋបាលស្រុកទាំងពីរ បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និង បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និង ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ។ ម៉្យាងទៀតស្រុកបន្ទាយស្រី និងស្រុកអង្គរធំ មានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិត ក្នុង ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ៕ ស៊ាន សុផាត


