ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ខណៈនិន្នាការពហុប៉ូល និងការបែកជាប្លុក កំពុងតែលេចឡើង ការគោរពឯករាជ្យអធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រទេសនីមួយៗ ជាកិច្ចការដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រកាន់ជំហរ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit)ដែលមានជាង ១២០ប្រទេស ចូលរួម ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងតាមបែបនិម្មិត នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖ ខណៈនិន្នាការពហុប៉ូលនិងការបែកជាប្លុកកំពុងតែលេចឡើង កាន់តែច្បាស់ការគោរពឯករាជ្យអធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាសម្រេចការអភិវឌ្ឍរបស់ប្រទេសនីមួយៗជាកិច្ចការដែលយើងទាំងអស់គ្នាជាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រកាន់ជំហរ ។ ទន្ទឹមនោះយើងទាំងអស់គ្នាត្រូវបង្កើននូវយន្តការពហុភាគីនិយម និងលទ្ធផលសន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានាសំដៅទប់ស្កាត់ ការបែងចែកសេដ្ឋកិច្ចនិងប្លុកពាណិជ្ជកម្មព្រមទាំងបញ្ជៀសនូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាពសន្តិសុខ ស្ថេរភាពតំបន់ និងសកល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្ដីរីករាយ ដែលបានចូលរួមការបើកកិច្ចប្រជុំកំពូលស្ដីពីសំឡេងបណ្ដាប្រទេសខាងត្បូង ដែលជាវេទិកាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើការពិភាក្សា និងចែករំលែកទស្សនៈអំពីបញ្ហា និងកាលានុវត្តភាព សំដៅស្វែងរកដំណោះស្រាយក្នុងការកសាងអនាគតប្រកបដោយវិបុលភាព។ សម្តេច សង្ឃឹមថា តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាប្រធាន G20 សំឡេងប្រទេសខាងត្បូង នឹងត្រូវបានលេចឡើងនៅឆ្នាំ២០២៣នេះ នឹងតទៅមុខទៀត ។

សម្តេចតេជោ បានបន្តថា ប្រទេសខាងត្បូងរបស់យើង គឺជាជនរងគ្រោះមិនមែនជាអ្នកបង្ករបញ្ហានោះឡើយ។ បច្ចុប្បន្នបញ្ហាក្តៅគគុក និងនិន្នាការអវិជ្ជមានវជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ជាក់ស្ដែង ខណៈដែលការរាតត្បាត នៃកូវីដ19 ដែលមិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង រវាងមហាអំណាចដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលពីសង្គ្រាមពាណិជ្ជកម្ម ការលេចកាន់តែច្បាស់នូវការបែងចែកជាប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយគ្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនៃកង្វល់សាធារណៈ ការបែកខ្ញែកកាន់តែធ្ងន់ធ្ងរនៃចង្វាក់ផ្គត់ផ្គង់សកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្តបន្ទុចបង្អាក់ជាទម្ងន់ ដល់កិច្ចខិតខំប្រឹងស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចបានមានប្រសាសន៍ទៀតថា ជាមួយបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឱ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម និងការពន្លឿន នូវការធ្វើបដិវត្តិកម្មឌីជីថល ដែលជាប្រភពកំណើនថ្មីប្រកបដោយថាមពល ។ ក្នុងស្មារតីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងពេញលេញរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះឈ្នះ និងទាញប្រយោជន៍ជាអតិបរិមា ពីការអភិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្តេចប្រុមខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាកម្លាំងចលករ ក្នុងការលើកកម្ពស់ពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងភាពធន់។ ទោះយ៉ាងណាក្តី ការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅតែបន្តមានគម្លាត, ក្នុងន័យនេះ យើងពិតជាមានការចាំបាច់ ក្នុងការចែករំលែកនូវបច្ចេកវិទ្យា បទពិសោធន៍ និងការបណ្ដុះបណ្ដាល ការទាក់ទាញការវិនិយោគ ការផ្ដល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសពីប្រទេសអភិវឌ្ឍន៍។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរការថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner