អ្នកជំនាញ៖ កម្ពុជា ត្រូវតែពង្រឹងវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន
ភ្នំពេញ៖ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមករា បានបើក កិច្ចពិភាក្សារួមគ្នា ដើម្បីពន្លឿនសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ បច្ចេកវិទ្យាឌីជីថល រយៈពេលប្រាំឆ្នាំ ដើម្បីធ្វើជាផែនទីបង្ហាញ ផ្លូវសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលកម្ពុជា។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្ដីព្រាង ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនៃក្រសួងមហាផ្ទៃ រយៈពេលប្រាំឆ្នាំ (២០២៣-២០២៧) គឺជាផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងដឹកនាំការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ការពន្លឿននូវសេចក្តីព្រាងច្បាប់នេះ គឺដើម្បីអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីត្រៀមខ្លួនឈានទៅរបត់ការងារកាន់តែទំនើប និងកាន់តែ ឆ្លាតវៃ ដូចទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជា សកលលោក។
ជាមួយគ្នានេះឯកឧត្តមក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នផ្នែក បច្ចេកវិទ្យាឌីជីថលព័ត៌មាន កំពុងសន្ទុះរីកចម្រើនខ្លាំងក្លា ប៉ុន្តែទន្ទឹមនឹងនេះវាក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ផងដែរ ដែលជាហេតុក្រសួងត្រូវតែពង្រឹងខ្លួនឯងលើផ្នែកនេះ ពីព្រោះបច្ចេកវិទ្យានេះក៏ជាកត្តាមួយក្នុងការប្រកួតប្រជែងរវាងបណ្តាប្រទេសជាច្រើននៅលើសកលលោកសម្រាប់ការអភិវឌ្ឍនានា ដែលចំណុចនេះក៏ជាផ្នែកមួយ ដើម្បីទាក់ទាញការវិនិយោគ ពីវិស័យឯកជនផងដែរ។
ជុំវិញការលើកឡើងនេះ អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានបង្ហាញការយល់ឃើញថា វិស័យបច្ចេកវិទ្យាឌីជីថលព័ត៌មាន ជាផ្នែកមួយដែលផ្តល់តម្លា ភាព រក្សាប្រវត្តិសាស្រ្តដើម្បីជួយស្រង់ប្រភពទិន្នន័យដែលល្អ។ លោកថា ហេតុនេះកម្ពុជាត្រូវតែពង្រឹងវិស័យនេះ ដើម្បីភាពរីក ចម្រើន មួយកម្រិតទៀតរបស់ស្តង់ដារនៃការរស់នៅ និងជា បណ្តុំព័ត៌មានសម្រាប់អ្នកវិនិយោគិនអាចស្វែងរកប្រមូលព័ត៌មានបន្ថែម។
អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យរូបនេះ បានប្រាប់ទៀត ថា ៖ «ដើម្បីជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឱ្យកាន់ តែខ្លាំង គឺទាមទារឱ្យបណ្តុះបណ្តាលធនធានមនុស្សបន្ថែម និងត្រូវការគាំទ្រខ្លាំងពីរដ្ឋាភិបាល ខណៈវិស័យនេះនៅមាន បញ្ហាប្រឈម និងនៅមានកម្រិតខ្សោយនៅឡើយ បើធៀប នឹងបណ្តារប្រទេសដទៃទៀត»។
ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) ដែលមានជាង ១២០ប្រទេស ចូលរួម នៅថ្ងៃទី១២ ខែមករា ឆ្នំា២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកដែរថា បច្ចេកវិទ្យា ឌីជីថលបានក្លាយជាកម្លំាងចលករដ៏រឹងមំាក្នុងការលើកកម្ពស់ពិពិធកម្មនិងកំណើនសេដ្ឋកិច្ចនិងពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។
សម្តេចតេជោបានបន្តដូច្នេះថា ៖ «តែទោះជាយ៉ាងណាក្តីការ ចាប់ យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅតែបន្តមានតម្លាភាពមានគំលាតក្នុងន័យនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ ការពិសោធន៍ និងការបណ្តុះបណ្តាលថ្មីៗ ក៏ដូចជាការទាក់ទាញអ្នក វិនិយោគ ជាតិ និងអន្តរជាតិ ព្រមទាំងការផ្តល់ជំនួយហិរញ្ញវត្ថុនិង បច្ចេកទេស ពីប្រទេសអភិវឌ្ឍន៍ជាដើម»។
បើតាមក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងបន្ថែមថា បច្ចុប្បន្ន សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល រយៈពេល ប្រាំ ឆ្នាំនេះ ត្រូវបានលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានកែ សម្រួលពាក្យពេចន៍មួយចំនួន ដើម្បីឱ្យមានលក្ខណៈ ពេញ លេញ និងស្របតាមខ្លឹមសារជាក់ស្តែង។
បន្ថែមពីនេះទៀត លេខាធិការដ្ឋាន ក៏បានកែលម្អទម្រង់នៃ ផែនការយុទ្ធសាស្រ្ត ដោយបានរៀបចំជាយុទ្ធសាស្រ្ត និង សកម្មភាពជាច្រើនសម្រាប់គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
សែម ពិសី