មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅស្រុកកណ្ដាលស្ទឹង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

អត្ថបទដោយ៖
CPA

កណ្តាល៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបាន សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។មណ្ឌលនេះនឹងដើរតួនាទី យ៉ាងសំខាន់ លើការងារ ប្រឆាំង និង ការបន្សាបគ្រឿងញៀន។

ពិធីនេះបានប្រារព្ធក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ស្ថិត ក្នុង ភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ។

ឯកឧត្តម វង សូត បានថ្លែងនាពិធីនោះថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងដើរតួនាទីសំខាន់លើ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀន ចូលទៅក្នុងសហគមន៍ និង ក្រុមគ្រួសារវិញ។

លោកមានប្រសាសន៍ថា ៖ «មជ្ឈមណ្ឌលនេះ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងដោះស្រាយបញ្ហាសង្គមតាម រយៈការបន្សាប ព្យាបាលលើអ្នកញៀនគ្រឿងញៀន និងចូលរួមចំណែកក្នុងការស្តារនីតិសម្បទាលើអ្នកដែលបន្សាបគ្រឿ ងញៀនរួច តាមរយៈការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំនិនជីវិតផ្សេងៗ ធ្វើយ៉ាងណាអោយពួកគាត់មានជំនាញសមស្រប សម្រាប់ប្រកបរបរចិញ្ចឹមជីវិតមុនពេលធ្វើ កម្មចូលក្នុងសហគមន៍»។

ជាមួយគ្នានោះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងដែរថា ពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ពិតជាមានសារៈសំខាន់ ជាសមិទ្ធផលរូបវ័ន្តក្នុងវិស័យស ង្គមកិច្ចថ្មីមួយទៀតដែលកកើតក្នុងទឹកដីខេត្តកណ្តាល។

បើតាមការលើកឡើង របស់ឯកឧត្តមអភិបាលខេត្តក្រៅពីមជ្ឈមណ្ឌលនេះ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងសាងសង់អគារមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនថ្នាំញៀន នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង មួយទៀតដែលបច្ចុប្បន្នអគារ ទាំងនោះដំណើរការសាងសង់បាន ៩៥ ភាគរយ សម្រាប់ជួយសម្រាលបន្ទុកអ្នកជាប់ ពន្ធនាគារខេត្ត ដែលកំពុងណែនចង្អៀត ហើយភាគច្រើននៃអ្នកជាប់ឃុំខ្លួន គឺពាក់ព័ន្ធនឹងបទល្មើស និងអ្នកប្រើប្រាស់គ្រឿងញៀន។

ក្នុង ឱកាសនេះ ឯកឧត្តម កែ គឹមយ៉ាន បានក្រើនរម្លឹកដល់មន្ត្រីកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់ សេវាសាធា រណឱ្យបានល្អប្រសើរ។ត្រូវ ចូលរួម ពង្រឹង សន្តិសុខ សុវត្ថិភាពសង្គម ដោយបន្តជំរុញបំផុសចលនាប្រជាជនឱ្យចូលរួមអនុវត្តន៍ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិ សេស បទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ និងមួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន»។

យោងតាម រដ្ឋបាល ខេត្តកណ្តាល បាន ឱ្យដឹងថា មណ្ឌលយុវនីតិសម្បទានេះ សាងសង់នៅនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រីឯមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ។

យោងតាម របាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង ១៤ តោន ដែលចំនួននេះមានការកើនឡើងប្រមាណ ១០ តោន បើបៀបនឹងឆ្នាំ ២០២១ ខណៈជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជិត១៥ ០០០នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការ៕ ដោយ៖ នាង សុគន្ធា

ads banner