បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់និស្សិតខេត្តបន្ទាយមានជ័យថា ការអភិវឌ្ឍធនធានមនុស្សនឹងនាំប្រទេសរីកចម្រើន (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១២ មករានេះ ប្រាប់និស្សិតក្នុងខេត្តបបន្ទាយមានជ័យថា មានតែការអភិវឌ្ឍធនធានមនុស្សទេ ដែលនឹងអាចនាំឱ្យប្រទេសមានការរីកចម្រើនរុងរឿងបាន។
ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យនៅសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចនៃសាខាខេត្តបន្ទាយមានជ័យ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ដោយបញ្ជាក់ប្រាប់និស្សិតទាំងឡាយថា នេះគឺជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការ កសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំង មូល។
លោកបានថ្លែងបញ្ជាក់ទៀតថាចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹង ជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។