សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹម លោក គង់ គាំ ប្រគល់ផ្ទះ ជូនក្រសួងការបរទេស នាសប្តាហ៍ក្រោយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមលោកគង់ គាំ ប្រគល់ផ្ទះ ជូនក្រសួងការបរទេស នាសប្តាហ៍ក្រោយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដូច្នេះ តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រ Facebook ផ្លូវការដូច្នេះថា៖ ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋ ត្រូវបានលោក គង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំ និងគ្រួសារ រយៈពេល៣ម៉ោងកន្លះ ។
សម្ដេចតេជោ បានបន្តថា កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ ។
ដីនិងផ្ទះដែល គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ៕ ដោយ វណ្ណលុក
