តុលាការស្រីលង្កា បញ្ជាឱ្យអតីតមេដឹកនាំ ផ្ដល់សំណងឱ្យជន រងគ្រោះ ពីការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០១៩
ស្រីលង្កា៖ តុលាការកំពូលរបស់ប្រទេសស្រីលង្កាកាល ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានសម្រេចថា ភាពអសកម្មរបស់អតីត ប្រធានាធិបតីលោក Maithripala Sirisena និងមនុស្សបួន នាក់ផ្សេងទៀត បានបណ្ដោយឱ្យព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅថ្ងៃបុណ្យអ៊ីស្ទើរ (Easter) កាលពីឆ្នាំ២០១៩ កើតឡើង ដែលបណ្តាលឱ្យមនុស្សជិត ២៧០ នាក់ត្រូវបានស្លាប់។
ពាក់ព័ន្ធករណីនេះ តុលាការកំពូលស្រីលង្កា ក៏បានសើរើសំណុំ បរឿងសារជាថ្មី ហើយបានសម្រេចពិន័យអតីតប្រធានាធិបតីរូបនេះ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធទាំងបួន នាក់ ត្រូវផ្ដល់សំណងជាសាច់ ប្រាក់ចំពោះអំពើរំលោភសិទ្ធិជាមូលដ្ឋាននៃជនរងគ្រោះ និងក្រុម គ្រួសារ របស់ពួកគេ។
សំណងដែលអង្គចៅក្រមចំនួនប្រាំពីរនាក់នៃតុលាការកំពូលនោះបានបញ្ជាឱ្យអតីតប្រធានាធិបតីរូបនេះសង គឺមានចំនួនប្រមាណ ២៧៣ ៣០០ ដុល្លារសហរដ្ឋអាមេរិក។ រីឯបួននាក់ទៀតរួមមាន មេប៉ូលិស ម្នាក់ មន្ត្រីចារកម្មកំពូលពីរ នាក់ និងលេខាក្រសួងការពារជាតិនៅ អំឡុងពេលកើតហេតុនោះម្នាក់ តុលាការបានពិន័យឱ្យបង់ប្រាក់សរុប ចំនួនប្រមាណ ៥៧៤ ០០០ ដុល្លារអាមេរិក។
គួររម្លឹកថា ក្នុងថ្ងៃកើតហេតុកាលពីឆ្នាំ២០១៩ មានក្រុមអ្នកកាន់ សាសនាអ៊ីស្លាមចំនួនពីរក្រុម បានប្រារព្ធពិធីបួងសួងបង្ហាញពី ភក្ដីភាព របស់ខ្លួនចំពោះរដ្ឋឥស្លាម។ ពួកគេត្រូវបានគេចោទប្រកាន់ថា បានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនប្រាំមួយគ្រាប់ សំដៅទៅលើប្រជាជនដែលកំពុងអបអរសាទរពិធីបុណ្យ អ៊ីស្ទើរនៅក្នុងព្រះវិហារគ្រិស្តសាសនាចំនួនបីកន្លែង និងអ្នកទេសចរ ជាច្រើននាក់ដែលកំពុងបរិភោគអាហារពេលព្រឹកនៅសណ្ឋាគារផ្កាយបី មួយកន្លែង។
ដោយសារតែការបែកធ្លាយប្រព័ន្ធទំនាក់ទំនងមួយដែលបានបង្ហាញពីការប្រេះឆារវាងទំនាក់ទំនងរបស់លោក Sirisena និងនាយករដ្ឋមន្ត្រី នៅពេលនោះ ទើបធ្វើឱ្យសាធារណៈជនស្តីបន្ទោសចំពោះការបរាជ័យ របស់អាជ្ញាធរនៅក្រោមបង្គាប់របស់ខ្លួន ដែលអសមត្ថភាពក្នុងការ ស៊ើបការណ៍ សម្ងាត់ឱ្យបានដឹងអំពីតម្រុយមុនពេលការវាយ ប្រហារ កើតឡើង ដែលបានធ្វើឱ្យមនុស្សប្រហែល ៥០០ នាក់ត្រូវរងរបួស។
គួរកត់សម្គាល់ផងដែរថា លោក Sirisena មិនត្រឹមតែកាន់តំណែង ជាប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកងកំលាំងប្រដាប់អាវុធផងដែរ។ អំឡុងពេលកាន់ដំណែង លោកមិនបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ជាតិជាទៀងទាត់នោះទេ ហើយតែងតែដកបុគ្គលិកសំខាន់ៗចេញពី កិច្ចប្រជុំ ដែលលោកបានរៀបចំ។
សេចក្ដីថ្លែងការណ៍របស់តុលាការបានឱ្យដឹងថា «ការបរាជ័យដ៏ អាម៉ាស់បំផុតរបស់អតីតប្រធានាធិបតីលោក Sirisena បាន បណ្តាលឱ្យមានផលវិបាកដ៏មហន្តរាយដល់ប្រទេសមួយនេះ។ មិនត្រឹមតែមានការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងទ្រព្យ សម្បត្តិត្រូវបានបំផ្លិចបំផ្លាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមាន ភាពតានតឹងរវាងជាតិសាសន៍ និងការស្អប់ខ្ពើមគ្នារវាងអ្នកកាន់ សាសនាខុសគ្នាបានចាប់ផ្តើមកើនឡើងកាន់តែខ្លាំង ដែល បណ្តាល ឱ្យប្រទេសជាតិដ៏តូចមួយនេះត្រូវបែកបាក់គ្នា»។
គួរដឹងដែរថា រដ្ឋាភិបាលបានកាត់ទោសមនុស្សមួយចំនួនដែល ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ ប៉ុន្តែមេដឹកនាំនៃ ព្រះវិហារកាតូលិកបានឱ្យដឹងថា ពួកគេសង្ស័យថាមានការ ឃុបឃិតដែលមានទ្រង់ទ្រាយធំជាងនេះ ហើយពួកគេក៏កំពុងទាមទារ ឱ្យមេដឹកនាំត្រូវស្វែងរកការពិតឱ្យឃើញ៕
ដោយ៖ ធា សុណា
ប្រភពព័ត៌មាន: Sri Lankan court orders ex-leader to pay victims of 2019 Easter Sunday bombings