ប្រជាពលរដ្ឋជាច្រើន មកកម្សាន្ត «ស្ពានភ្ជាប់និស្ស័យបារាយណ៍ប្រាសាទមេបុណ្យ» នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់ហើយ ដែលមកទស្សនា «ស្ពានភ្ជាប់និស្ស័យ ប្រាសាទមេបុណ្យ» ក្នុងពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី បារមីថែរក្សាបារាយណ៍ប្រាសាទ ដើម្បីធ្វើពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ដែលមានរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៨-២៩ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពីលោក ដៀប ឈួន អភិបាលស្រុកថ្មពួក។
អ្នកដែលមកទស្សនាផង មកធ្វើបុណ្យឆ្លងផង ទាំងក្មេង ចាស់ប្រុស ស្រី និងព្រះសង្ឃ មានចំណាប់អាម្មរណ៍ស្រដៀងគ្នាថា ពេលមកដល់«ស្ពានភ្ជាប់និស្ស័យប្រាសាទមេបុណ្យ» ពួកគាត់មានអារម្មណ៍រីករាយ និង ទទួលបាននូវខ្យល់បរិសុទ្ធ អមដោយព្រៃព្រឹក្សា និងបានទស្សនាប្រាសាទ ដែលមិនធ្លាប់បានឃើញពីមុនមកនៅកណ្តាលព្រៃ ដែលមានផ្ទៃទឹកនៅព័ទ្ធជុំវិញនារដូវវស្សា។
ស្ពានឈើថ្មី ចូលប្រាសាទនៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឈ្មោះថា “ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ” មានប្រវែង៨គីឡូម៉ែត្រ ទទឹង២ម៉ែត្រ ភ្ជាប់ពីទួលប្រសាទខាងលិច ឆ្លងកាត់ពោះបារាយណ៍ទៅទួលប្រាសាទ ដែលនៅចំកណ្ដាលបារាយណ៍។ នាថ្ងៃទី២៨ ខែសីហា នៅនឹងអាសន:ថ្មីតម្កល់ព្រះពុទ្ធរូបប្រក់នាគ មានរៀបចំពិធីដ៏ឱឡារឹកខាងជំនឿសាសនា ប្រពៃណី រួមមាននិមន្តព្រះមេគណខេត្ត និងមន្ត្រីសង្ឃទាំង២គណ: ធ្វើកិច្ចសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី បារមីថែរក្សាបារាយណ៍ប្រាសាទ ដើម្បីធ្វើពីធីសម្ពោធដាក់ឲ្យប្រើប្រាស់។
ពីធីនោះប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាមានជ័យ និងលោកជំទាវភរិយាថ្នាក់ដឹកនាំជាច្រើន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ យុវជន យុវនារី ជាច្រើន។ នាថ្ងៃទី២៩ សីហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាឡៃ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្រីរាជការនៅទូទាំងខេត្ត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ«ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ» ព្រមទាំប្រគល់រថយន្ត និងគ្រឿងចក្រ ដល់ក្រុមជាងជួសជុលប្រាសាទនេះ ព្រមទាំងរាប់បាត្រព្រះសង្ឃផងដែរ៕ធ.ដ
ដោយ៖ ឃិន គន្ធា







