ប្រទេសស្រីលង្កាគ្រោងកាត់បន្ថយចំនួនកងទ័ព៣០ភាគរយ
កូឡុំបូ៖ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កាបានប្រកាស ថ្មីៗនេះថា ស្រីលង្កានឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០នាក់ នៅឆ្នាំ២០៣០។

ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា ត្រូវបានគេដឹងថា បានកើនដល់កម្រិតខ្ពស់បំផុត កាលពីចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។

អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា លោក ប្រេមីថា បានដារ៉ា ថេនណាគូន (Premitha Bandara Thennakoon) បានអះអាងថា ផែនការខាងលើ មានគោលដៅបង្កើតកងកម្លាំងការពារជាតិមួយ ដែលមានបច្ចេកទេសនិងយុទ្ធសាស្រ្តល្អ ហើយមានតុល្យភាពនៅត្រឹមឆ្នាំ២០៣០ ជាការបន្ថយ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង៧ទសវត្សរ៍មកនេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ ៖ សារ៉ាត
