សម្ដេចតេជោ ហ៊ុន សែន ជំរុញក្រសួងព័ត៌មាន ខិតខំធ្វើច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន ចេញឱ្យបាននៅអាណត្តិទី៧
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺនឹងចេញនៅអាណត្តិទី៧ ក្រោយការបោះឆ្នោតជាតិ ឬអាចថា វានឹងបញ្ចប់នៅចន្លោះឆ្នាំ២០២៤ ឬ ២០២៥។ សម្ដេច តេជោ ហ៊ុន សែន បានប្រកាសដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការយឺតយ៉ាវនេះ វាមិនមែនតែរឿងដាច់ដោយឡែក បើយើងគ្រាន់តែប្រាប់សិទ្ធិរបស់រដ្ឋសម្រាប់ការសម្រេច វាជាការងាយទេ។ វាអត់មានអីលំបាកទេ រដ្ឋមន្ត្រីធ្វើរួចហើយ បញ្ជូនមកគណៈរដ្ឋមន្ត្រី អនុម័ត បញ្ជូនទៅសភាអនុម័ត ក៏ប៉ុន្តែយើងចង់ប្រមូលផ្តុំនូវមតិយោបល់ទាំងឡាយ ដើម្បីឱ្យចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
សម្ដេចបានបន្ថែមថា គេសង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាលខ្លះ បានធ្វើការទាមទារជ្រុលហួសហេតុ។ ការទាមទារហួសហេតុនោះហើយ ដែលទាមទារឱ្យរដ្ឋមន្ត្រី ធ្វើការសម្របសម្រួល។ សម្ដេចថា៖ ឥឡូវនេះ ច្បាប់នេះ ក៏កំពុងតែដំណើរការនៅក្នុងការពិភាក្សាទាក់ទងនឹងបទល្មើស ដែលត្រូវគាំទ្រដោយក្រសួងយុត្តិធម៌ ។
សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឲ្យក្រសួងព័ត៌មាន ខិតខំធ្វើច្បាប់ទទួលព័ត៌មាន ចេញឱ្យបាននៅអាណត្តិទី៧ រួមនិងថ្នាលឌីជីថល ចេញរួចនៅឆ្នាំ២០២៥ ៕ ដោយ :វណ្ណលុក



