ទឹកស្ទឹងព្រែកត្នោត បានស្រកចុះទៅវិញ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករានេះ
ភ្នំពេញ ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ គឺបានចាប់ផ្តើមស្រកចុះទៅវិញជាបន្តបន្ទាប់ ក្រោយពីនៅភាគខាងលើ នៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ អស់ភ្លៀង ហើយទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះជាបន្តបន្ទាប់ ទៅតាមបច្ចេកទេស នៃការគ្រប់ គ្រងទឹករួចមក។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុ និយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។
បេីតាមស្ថានភាពទឹកនៅល្ងាចថ្ងៃទី១៥ ខែមករានៅពាមឃ្លាំង ទឹកនៅសល់កម្ពស់ ៥,៥០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧,៨០ ម៉ែត្រ) នៅទ្វារទឹករលាំងជ្រៃទឹកស្រកមកនៅកម្ពស់ ៧,៧៤ ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បន្ទាប់ពីបានឡើងដល់ កម្ពស់ ៧,៧៨ ម៉ែត្រ។ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា មានកម្រិតដល់ពីជិតដល់ ៣០០ មីលីម៉ែត្រ និងលើសពី ៣០០មីលីម៉ែត្រនៅផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
ជំនន់ទឹកស្ទឹងព្រែកត្នោតបានកើតមានឡើងខុសប្រក្រតី នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមករា និងរាលដាលដល់តំបន់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១៤ និង ១៥ ខែមករា ហើយទឹកទឹកជំនន់នេះនឹងស្រកចុះទៅវិញ នៅថ្ងៃទី១៦ ខែមករា បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយម បានចាត់វិធានការដោះទឹកដោយផ្ទាល់ទៅតាមបច្ចេក ទេស នៃការគ្រប់គ្រងទឹក តាំងពីដើមទី រហូតដល់ពេលនេះ ។
ចាប់តាំងពីថ្ងៃទី១៣ ខែមករា មក ទ្វារទឹករលាំងជ្រៃត្រូវបានបើកទាំង ៥ ទ្វារដោយ១ទ្វារកម្ពស់ ៧ ម៉ែត្រ២ទ្វារ កម្ពស់៦ ម៉ែត្រសម្រាប់ទ្វារនីមួយៗ និង២ទៀតកម្ពស់ ៥ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ និងនៅថ្ងៃទី១៥ ខែមករា ទ្វារទឹកទាំង៥ ត្រូវបានទម្លាក់ចុះ ដោយនៅបើកត្រឹមកម្ពស់ ១ម៉ែត្រសម្រាប់ទ្វារនីមួយៗ នៃទ្វារទាំង៥ ដោយមិនទាន់អាចបិទជិតបានទាំងស្រុងនៅឡើយទេ ដោយសារទឹកនៅផ្នែកខាងលើទ្វារទឹករលាំងជ្រៃនៅខ្ពស់ជាងកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយ ៕ ដោយ ៖ ជីម ភារ៉ា


