យានយន្តល្មើស ២២១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៩៦២គ្រឿង ម៉ូតូ ៨០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២១គ្រឿង មានម៉ូតូចំនួន ១៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី ១នាក់) របួសធ្ងន់ ១១នាក់(ស្រី ២នាក់) របួសស្រាល ៥នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ១១លើក៕



ដោយ៖ ឆៃហួត