ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព ស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព ស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី០៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អភិបាលរងរាជធានី-ខេត្ត, នាយករដ្ឋបាលក្រុង-ស្រុក, នាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីជំរុញការគាំទ្ររបស់រដ្ឋបាលរាជធានី-ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាល បានកំណត់ឱ្យមានកិច្ចប្រជុំជាប់ជាប្រចាំជាមួយនាយករដ្ឋបាល និងនាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត។
ឯកឧត្តម បន្ដថា ក្រសួងមហាផ្ទៃ បានធ្វើសមារណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យទៅជារដ្ឋបាលមួយឯកភាព ដោយមានការយកចិត្តទុកដាក់ទៅលើការកសាងរដ្ឋបាលទូទៅ ឱ្យមានភាពរលូន តាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះរដ្ឋបាលក្រុង ស្រុក នៅជិតប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្តម អគ្គនាយក បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវគាំទ្រ និងជំរុញរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំនិមិត្តសញ្ញារដ្ឋបាលរបស់ខ្លួន ស្របតាមនីតិវិធីដែលបានណែនាំនាពេលកន្លងទៅ។
លោក សារូ រដ្ឋជាតិ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន ស្ដីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់, ការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់, ការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់។

លើសពីនេះទៀត លោក អនុប្រធាននាយកដ្ឋាន បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ដោយមានទីចាត់ការផែនការ និងវិនិយោគ ជាសេនាធិការ ត្រូវជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមិនទាន់បានបញ្ចប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ និងជំរុញដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ ឱ្យបានទាន់ពេលវេលា ៕

ដោយ-រ៉ាវុធ