គោលនយោបាយកំណត់តម្លៃឱសថរបស់ចិន បង្អាក់ការរក ប្រាក់ ចំណេញ របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា

ប៉េកាំង៖ បណ្ដាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់ប្រទេសចិនកំពុង ប្រឈម នឹងការដែលមិនអាចរកប្រាក់ចំណេញបាន ដោយសារតែគោល នយោ បាយកំណត់តម្លៃឱសថរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្អាក់ ដល់ការប៉ុនប៉ងបង្កើតឧស្សាហកម្មឱសថដើម្បីរកប្រាក់ចំណេញក្នុងស្រុក តាមរយៈទីផ្សារមូលធន។

ចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមអាជីវកម្មជីវបច្ចេកវិទ្យាវេជ្ជសាស្រ្ត រួមមានដូចជាក្រុមហ៊ុន BeiGene ក្រុមហ៊ុន Zai Lab និងក្រុមហ៊ុន RemeGen ជាដើម ចុះបញ្ជីក្នុងការដេញ ថ្លៃ ផ្សារហ៊ុន ឱ្យបានឆាប់ ដើម្បីជំរុញកំណើនឧស្សាហកម្មមួយនេះ និង ដើម្បីជួយក្រុមហ៊ុនក្នុងស្រុក ឱ្យបង្កើតឱសថថ្មីៗប្រកបដោយ នវានុវត្តន៍។

ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុនដែលអាចផលិតថ្នាំកើនឡើង រហូតដល់ទៅ ៤០ ក្រុមហ៊ុន ដែលបានបង្កើតឡើងនៅក្នុងទី ក្រុង ហុងកុងក្រោមច្បាប់ចុះបញ្ជី ពិសេសសម្រាប់ក្រុមហ៊ុនជីវបច្ចេកវិទ្យា មុនរកប្រាក់ចំណូល។ ប៉ុន្តែជិតប្រាំឆ្នាំចុងក្រោយនេះ គ្មានក្រុមហ៊ុន ណាមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់អាចរកប្រាក់ចំណេញបាននោះទេ នេះបើយោងតាមការវិភាគរបស់ Financial Times ទៅលើ ទិន្នន័យសាធារណៈមួយចំនួន។

វាមិនមែនជារឿងចម្លែកអ្វីនោះទេសម្រាប់ក្រុមហ៊ុនជីវបច្ចេកវិទ្យា ក្នុង ការដែលត្រូវការរយៈពេលយូរដើម្បីអាចទទួលបានផលចំណេញពីការផលិតឱសថរបស់ខ្លួន ប៉ុន្តែកំណែទម្រង់គោលនយោបាយរបស់ ទីក្រុង ប៉េកាំងស្តីពីការកំណត់តម្លៃឱសថ បានចោទជាសំណួរថា តើពួកគេអាចមានឱកាសជោគជ័យលើអាជីវកម្មជីវបច្ចេកវិទ្យាមួយនេះឬក៏យ៉ាងណា។

គួរបញ្ជាក់ថា តាមរយៈកម្មវិធីផ្ដល់សំណងនៅប្រទេសចិន មន្ទីរពេទ្យ ភាគច្រើនទិញឱសថពីក្រុមហ៊ុនផលិតឱសថក្នុងតម្លៃដែលបានចរចារួចជាមុនជាមួយរដ្ឋាភិបាល ហើយមន្ទីពេទ្យទាំងនោះនឹងទទួល បាន សំណងពីរដ្ឋាភិបាលទៅលើការចំណាយទិញឱសថមួយចំនួនរបស់ពួកគេ។ ដូច្នេះ វាធ្វើឱ្យមានការពិបាកដល់ក្រុមហ៊ុនផលិតឱសថ ក្នុងការ កំណត់តម្លៃឱសថដោយខ្លួនឯង។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានពង្រីកចំនួន ផលិតផល ឱសថជាច្រើនចូលទៅក្នុង កម្មវិធីផ្ដល់សំណង ដើម្បី អាចរួមបញ្ចូលឱសថថ្មីៗដែលទើបរកឃើញ និងដែលទើបទទួល បាននីយបត្រតក្កកម្ម។ ការដែលមិនអាចលក់ក្នុងតម្លៃខ្ពស់សម្រាប់ឱសថដែលទើបនឹងរកឃើញថ្មី ក្រុមហ៊ុនផលិតឱសថទាំងអស់ត្រូវជួបការលំបាកក្នុងការ ប្រមូល កម្រៃដើម្បីយកទៅទប់ជាមួយចំណាយលើការស្រាវជ្រាវរកឱសថរបស់ពួកគេ។

ការចរចាតម្លៃចុងក្រោយបំផុតត្រូវបានធ្វើឡើងនៅដើមខែមករា ដោយរដ្ឋាភិបាលចិនបានដាក់បញ្ចូលប្រភេទថ្នាំថ្មីៗជាច្រើន សរុប ចំនួន ១១១ មុខទៅក្នុងបញ្ជីនៃកម្មវិធីសំណង ដោយកាត់បន្ថយតម្លៃ លក់ចេញពីក្រុមហ៊ុនជាមធ្យម ៦០ ភាគរយ ប្រហាក់ប្រហែលនឹង ឆ្នាំមុនដែរ។

លោក ចាវ ពិង (Zhao Bing) អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រ មួយឈ្មោះថា Huajing Securities បានលើកឡើងថា «កំណែ ទម្រង់ការទូទាត់នេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយវាបាន ប៉ះពាល់ដល់ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ផលិត ឱសថជាខ្លាំង»។

គួរកត់សម្គាល់ថា នៅទីក្រុងហុងកុង ក្រុមហ៊ុនជីវបច្ចេកវិទ្យា បាន ដួល រលំ រហូតដល់ទៅ ៣០ ភាគរយក្នុងឆ្នាំ២០២២ ហើយជាងបីភាគ បួនកំពុងជួញដូរនៅផ្សារហ៊ុន ក្រោមតម្លៃភាគហ៊ុនរបស់ពួកគេ។ ល្បឿននៃការចុះបញ្ជីចូលក្នុងផ្សារហ៊ុនថ្មីក៏បានធ្លាក់ចុះពាក់កណ្តាលផងដែរ គឺពីចំនួន ៩ ក្រុមហ៊ុនក្នុងឆ្នាំ២០២១ មកនៅត្រឹម ប្រាំ ក្រុមហ៊ុន ប៉ុណ្ណោះក្នុងឆ្នាំ២០២២។

លោក ជូ ផាយ (Zhu Pai) អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Efung Capital ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលើក ឡើងថា ៖ «គម្រោងមួយចំនួនដែលរំពឹងថានឹងលក់បានរាប់ ពាន់ លានយ័ន (ប្រាក់ចិន) បែរជាអាចលក់បានត្រឹមតែរាប់រយលាន យ័ន ទៅវិញ។ ក្រុមហ៊ុនបានរកឃើញថា ពួកគេមិនអាចទប់ទល់នឹងការ ចំណាយលើការស្រាវជ្រាវដ៏ធំរបស់ពួកគេបានទេ ជាពិសេសការ ចំណាយលើការអភិវឌ្ឍ និងការគាំទ្រលើការស្រាវជ្រាវជា បន្ត បន្ទាប់ ទៅមុខទៀត»។

លោកបានបន្ថែមថា «វិស័យជីវបច្ចេកវិទ្យារបស់ប្រទេសចិនបាន រងផល ប៉ះពាល់យ៉ាងខ្លាំងកាលពីឆ្នាំមុន»។

ការរងសម្ពាធពីគោលនយោបាយនេះ បាននាំឱ្យមានរលកនៃ ការបង្រួបបង្រួមគ្នាខ្លះៗដែរ។ ជាក់ស្ដែង ក្រុមហ៊ុន Harbor BioMed ដែលផ្តោតលើការផលិតថ្នាំព្យាបាលជំងឺមហារីក ផ្នែកភាពស៊ាំ បានលក់រោងចក្រនៅទីក្រុង Suzhou របស់ខ្លួន ទៅឱ្យក្រុមហ៊ុន Wuxi Vaccines។ រីឯក្រុមហ៊ុនផលិតថ្នាំមហារីកមួយទៀតឈ្មោះថា Cstone Pharmaceuticals បានបញ្ឈប់ប្រតិបត្តិការរោងចក្រនៅទីក្រុង Suzhou របស់ខ្លួនកាលពីដើមខែវិច្ឆិកា ដើម្បីកាត់បន្ថយ ការ ចំណាយកាន់តែច្រើន។

លោក Josh Smiley ប្រធានផ្នែកប្រតិបត្តិការនៅមន្ទីរពិសោធន៍ Zai Lab ដែលជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុននៅ Nasdaq និង HKEX និងដែលមានតម្លៃសរុបប្រមាណជាជាង ៨ ប៊ីលានដុល្លារ បានមានប្រសាសន៍ថា «ខ្ញុំគិតថា យើងទទួលបានសំណួរជាច្រើន ហើយមិត្តរួមការងារទាំងអស់របស់យើងក៏ដូចគ្នាដែរ គឺសំណួរ ជុំវិញប្រាក់ចំណេញរបស់ក្រុមហ៊ុន»។

លោក Smiley បានបន្តថា ៖ «ការរកចំណូលសព្វថ្ងៃនេះមាន ការ ពិបាកជាងពីមុន»។ លោកបន្ថែមថា នៅមន្ទីរពិសោធន៍ Zai Lab នៅអាចរកប្រាក់ចំណេញបានខ្លះក្នុងរយៈពេល បី ទៅ បួន ឆ្នាំ។ ដោយឡែក គោលនយោបាយកូវីដសូន្យរបស់ចិន និងវិធានការរឹត បន្តឹង ផ្សេងៗ បានពន្យឺតដំណើរការអនុម័តលើការស្រាវជ្រាវ និង ការអភិវឌ្ឍឱសថ ដោយសារការលំបាកក្នុងការជ្រើសរើសអ្នកជំងឺ សម្រាប់ការធ្វើតេស្ដសាកល្បងព្យាបាល។

ម៉្យាងវិញទៀត ចំនួនឱសថថ្មីដែលត្រូវបានអនុញ្ញាតឱ្យមាន ការ ផលិតដោយក្រុមហ៊ុនក្នុងស្រុកកាលពីឆ្នាំ២០២២ មានត្រឹមតែ ១១ មុខប៉ុណ្ណោះគិតត្រឹមពាក់កណ្តាលខែធ្នូ ដែលតួលេខនេះទាបជាង ឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ៣១ មុខ។ នេះបើយោងតាម ការស្រាវជ្រាវដោយក្រុមហ៊ុនមូលបត្រ Shenwan Hongyuan Securities។

គួរដឹងដែរថា ក្រៅពីបណ្ដាអាជីវកម្មផលិតឱសថដែល ទើបនឹង ចាប់ ផ្ដើម ប្រទេសចិនបានមានការរីកចម្រើនរួចទៅហើយលើវិស័យ ឧស្សាហកម្មផ្នែកឱសថរបស់ខ្លួន ដោយកាលពីឆ្នាំ២០២១ ប្រាក់ ចំណូលក្នុងវិស័យនេះបានកើនឡើងរហូតដល់ទៅ ១៩ ភាគរយ ឯណោះ។ ប៉ុន្តែក្រុមហ៊ុនផលិតឱសថភាគច្រើន ជាក្រុមហ៊ុន ផលិត ឱសថ ទូទៅ ហើយភាគច្រើនមានមូលដ្ឋាននៅក្រៅប្រទេស ជាជាង ការផលិតនៅក្នុងស្រុកដោយខ្លួនឯង។

ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនជំនាន់ក្រោយៗនេះ ទទួលបាន អត្ថប្រយោជន៍ជាច្រើនពីកំណែទម្រង់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ ដោយរដ្ឋាភិបាលចិនបានសន្យាថានឹងពន្លឿនការអនុម័ត លើ ដំណើរការអភិវឌ្ឍឱសថ ខណៈដែលខ្លួនកំពុងបង្កើនវិធានការ និង បទប្បញ្ញត្តិឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ប៉ុន្តែបីឆ្នាំក្រោយមក អាជ្ញាធរចិនបានដាក់ចេញនូវច្បាប់កំណត់តម្លៃថ្មី ដើម្បីកាត់បន្ថយ ថវិកាថែទាំសុខភាពរបស់រដ្ឋាភិបាល និងការចំណាយលើអ្នកជំងឺ ឯកជន ដែលការណ៍នេះ ធ្វើឱ្យអ្នកវិនិយោគមានការខក ចិត្តយ៉ាង ខ្លាំង។

លោក Jordan Liu ជំនួយការនៅក្រុមហ៊ុន Bain បានលើកឡើងថា ៖ «ខ្ញុំគិតថាដំណើរការទីផ្សារ ហាក់បីដូចជាបានបង្ហាញឱ្យយើងថា យើងប្រហែលជាត្រូវប្រុងប្រយ័ត្នឱ្យបានច្រើនជាងនេះចំពោះទស្សនវិស័យពាណិជ្ជកម្ម»៕
ដោយ៖ធា សុខណា
ប្រភព៖ https://www.ft.com/content/be0c2ec4-f0c3-411c-81d0-86d20058722c

ads banner