ប្អូនស្រីលោក គីម ជុងអ៊ុន រិះគន់សហរដ្ឋអាមេរិក ជុំវិញការផ្តល់រថក្រោះដល់អ៊ុយក្រែន

ព្យុងយ៉ាង៖ ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិកចំៗ ពាក់ព័ន្ធនឹងការផ្តល់រថក្រោះឱ្យអ៊ុយក្រែនប្រើប្រាស់នៅលើសមរភូមិជួរមុខ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ លោកស្រី គីម យ៉ូ ជុង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទ “ធ្វើឱ្យស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែនកើនឡើង”។

លោកស្រីថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតកំពុងប្រគល់សម្ភារៈយោធាដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងថា ទោះបីជា “កងកម្លាំងសម្ព័ន្ធមិត្តចក្រពត្តិនិយម” ព្យាយាមយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនអាចធ្វើឱ្យស្មារតីកងទ័ព និងប្រជាជនរុស្ស៊ីចុះខ្សោយបានឡើយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន នេះជាលើកទីមួយហើយ ដែលលោកស្រី គីម យ៉ូ ជុង បានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទោះជាយ៉ាងណា កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់នូវការគាំទ្ររបស់ខ្លួន ចំពោះរុស្ស៊ីចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើង ខណៈដែលរុស្ស៊ីក៏គាំទ្រកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងវិញផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner