ប្រធានមន្ទីរសុខភិបាល ខេត្តបន្ទាយមានជ័យ ថ្លែងថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន មានការខ្វះខាតអាគារ រួមទាំងទីតាំសម្រាប់ដុតសំរាម
ខេត្តបន្ទាយមានជ័យ ៖ បញ្ហាថវិកា រួមទាំងទីតាំង បាននាំឲ្យនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនខ្វះអាគារ និងទីកន្លែងដុតសំរាម កាកសំណល់សម្ភារគ្រឿងបរិក្ខាពេទ្យជាដើម ។ លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីប្រកាសមុខតំណែង និងប្រគល់ភារកិច្ចមន្ត្រីរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រុង ស្រុក ចំនួន ១៥នាក់ ។
ប្រធានមន្ទីរសុខភិបាល បញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ និងមន្ទីពេទ្យបង្អែកស្រុកព្រះនេតព្រះ រួមនិង មណ្ឌលសុខភាពមួយចំនួនទៀត ដែលចាំបាច់ត្រូវសាងសង់អាគារបន្ថែម ជាមួយតម្រូវការទីកន្លែងនិងឡសម្រាប់ដុតសំរាម និងកាកសំណល់គ្រឿងបរិក្ខាពេទ្យ។ ហើយបញ្ហាខ្វះខាតនេះ ខាងមន្ទីរសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបាន និង កំពុងរកដៃគូ និងបានលើកជាសំណើរ រួចហើយ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យមន្ត្រីសុខាភិបាលក៏ដូចជាគ្រូពេទ្យទាំងអស់បន្តខិតខំបំពេញការងារ តាមតួនាទីភារកិច្ច ដើម្បីឲ្យសេវាសុខាភិបាលដំណើរការរលូន។ជាពិសេសសេវាសាធារណ គឺត្រូវយកចិត្តទុកដាក់ពិនិត្យព្យាបាលអ្នកជម្ងឺប្រកបដោយវិជ្ជាជីវៈ និងប្រកាន់ខ្ជាប់គុណធម៌ សីលធម៌ជាគ្រូពេទ្យ ៕
ដោយ គៀន ច័ន្ទហ៊ីន


