នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា ប្រទេសខ្លួនកំពុងពិចារណាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកបាននិងកំពុងពិចារណាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយមានឆន្ទៈក្នុងការដើរតួនាទីជាអ្នកសម្រុះសម្រួល បន្ទាប់ពីការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យមានការចូលរួមសកម្មបន្ថែមទៀត។

នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថាតើអ៊ីស្រាអែលអាចផ្តល់ជំនួយដល់អ៊ុយក្រែនដូចជាប្រព័ន្ធមីស៊ីលការពារដែនអាកាស Iron Dome ដែរឬទេ? លោក ណឺតាន់យ៉ាហ៊ូ បានឆ្លើយតបថា មែនហើយ ខ្ញុំពិតជាកំពុងពិនិត្យមើលវា។

លោក ណឺតាន់យ៉ាហ៊ូ បន្តថា គាត់ត្រូវបានស្នើសុំឱ្យធ្វើការសម្រុះសម្រួលក្នុងតួនាទីក្រៅផ្លូវការមួយ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។ លោក ណឺតាន់យ៉ាហ៊ូ បន្ថែមថា គាត់សុខចិត្តដើរតួជាអ្នកសម្រុះសម្រួល ប្រសិនបើមានការស្នើសុំពីភាគីពាក់ព័ន្ធ និងសហរដ្ឋអាមេរិក។

ការកត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ដែលបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ក្រោយផ្ទុះឡើងអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយថែមទាំងបានអំពាវនាវឱ្យអ៊ីស្រាអែលជំរុញការគាំទ្រដល់អ៊ុយក្រែនផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner