សិស្សសាលា ៤៩នាក់លង់ទឹកស្លាប់ ក្នុងឧប្បទ្ទវហេតុលិចកាណូត នៅប៉ាគីស្ថាន
អ៊ីស្លាម៉ាបាត៖ ប៉ូលិសបាននិយាយថា ក្មេងចំនួន ៤៩ នាក់បានស្លាប់ នៅពេលដែលកាណូតផ្ទុកលើសទម្ងន់មួយគ្រឿងដែលពួកគេជិះបានក្រឡាប់លិច នៅភាគពាយព្យ ប្រទេសប៉ាគីស្ថាន។
ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ ទៀតថា អ្នកមុជទឹកបានចំណាយពេលបីថ្ងៃ ដើម្បីទាញសាកសពក្មេងៗ ទាំង៤៩ និងមនុស្សពេញវ័យ២នាក់ទៀត ចេញពីទឹកត្រជាក់។

ក្មេងប្រុសទាំងនោះ មានអាយុចន្លោះពី ៧ ទៅ ១៤ ឆ្នាំ ដែលសុទ្ធតែជាសិស្ស ហើយត្រូវបានគេនាំសម្រាប់ការធ្វើដំណើរមួយថ្ងៃ ទៅកាន់ទំនប់ តានដា (Tanda) ដ៏ស្រស់ស្អាត កាលពីថ្ងៃអាទិត្យ។
មន្ត្រីជាន់ខ្ពស់នៃក្រុមសង្គ្រោះ ១១២២ បាននិយាយថា “ទឹកទំនប់មានភាពត្រជាក់ដោយសារតែអាកាសធាតុត្រជាក់ដែលរារាំងបេសកកម្មជួយសង្គ្រោះ។

ប៉ុន្តែថ្ងៃនេះ អ្នកមុជទឹកអាចមុជទឹកបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់” ។
លោក ខាតធៀ អាដម៉ាត (Khateer Ahmad) បានបន្ថែមថា សាកសពគ្រូបង្រៀនម្នាក់ និងអ្នករត់ការម្នាក់ក៏ត្រូវបានទាញចេញពីទឹកដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៥១នាក់៕

ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត