រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងឪពុកម្តាយអាណាព្យាបាលសិស្សនិទ្ទេស A នៃស្រុកបាធាយ និងស្រុកព្រៃឈរ

(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ កាលព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត, ថវិកា, និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ១ ៣៣៣នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១៣នាក់ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាលសិស្ស ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម ជួយឧបត្ថម្ភគាំទ្រ និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងស្រុកទាំងពីរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យរបស់ក្មួយៗ មិនត្រឹមតែជាមោទនភាពសម្រាប់ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ស្រុកបាធាយ និងព្រៃឈរទាំងមូលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ពាក់ព័ន្ធជាមួយស្ថានភាពជាក់ស្តែងរបស់ស្រុកទាំងពីរ ដែលត្រួវរួមគ្នាអនុវត្តឱ្យបាន សម្រាប់អង្គភាពពាក់ព័ន្ធ មន្ត្រីអប់រំ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងក្មួយៗ យកទៅត្រិះរិះពិចារណា និងប្រតិបត្តិឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរថែមទៀត ។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យក្លាយទៅជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ ផងដែរ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner