សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់យុវជនឱ្យគោរពច្បាប់ ចរាចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញក្តីបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាមូលហេតុចម្បងមួយនៃករណីបាត់បង់ជីវិត និងរងរបួស នៅកម្ពុជា។ ទន្ទឹមគ្នានេះសម្ដេចតេជោក៏បានអំពាវឱ្យយុវជន ទាំងអស់ គោរពច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឧបសគ្គដ៏ធំ សម្រាប់សិស្សានុសិស្សនាពេលនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅសាល OCIC ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឧបសគ្គដំធំសម្រាប់ សិស្សា នុសិស្សនាពេលនេះ គឺកត្តាគ្រោះថ្នាក់ចរាចរណ៍ ខណៈ ឧបសគ្គសម្រាប់យុវជនជំនាន់មុន គឺសង្គ្រាម។ ព្រោះភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ។
ជាមួយគ្នានេះសម្ដេចតេជោក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមានការប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះ គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្ស វាក៏បានប៉ះពាល់ ដល់ ការអភិវឌ្ឍរបស់កម្ពុជាថែមទៀត។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរថា លោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្រ្ត របស់អង្គការខេមសេហ្វ បានលើកឡើងថា បញ្ហាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើង ដោយសារមនុស្ស មានការធ្វេសប្រហែស ប្រញាប់ មិនអធ្យាស្រ័យ នៅក្នុងការបើកបរ បើកបរក្នុងល្បឿនលឿន បើកបរក្នុងឥទ្ធិពល គ្រឿងស្រវឹងជាដើម ដែលជាហានិភ័យខ្ពស់ ធ្វើឱ្យទំហំនៃគ្រោះថ្នាក់ ចរាចរណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។

អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍រូបនេះ បានស្នើឱ្យប្រជាពលរដ្ឋ ពិសេសយុវជនសូមកុំឱ្យអ្នកបើកបរទាំងអស់ បើកបរក្នុងឥទ្ធិពល គ្រឿងស្រវឹង និងបង្កើនការប្រុងប្រយ័ន្នខ្ពស់ ខណៈលោកក៏ចង់ឱ្យ គ្រប់គ្នាត្រូវរួមគ្នាបន្តទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយមិនបន្ធូរដៃផងដែរ។
យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពេញមួយឆ្នាំ២០២២ បញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្ស ស្លាប់ ចំនួនជាង ១៧០០នាក់ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើងដល់ ១៤ភាគរយ ក្នុងនោះបានបញ្ជូនជនល្មើស បង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ ទៅតុលាការចំនួនជាង ៣០០នាក់។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ ចរាចរណ៍នេះ មានអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។
ដោយឡែក ចំពោះមូលហេតុចម្បង ដែលបានបណ្ដាលឱ្យមាន គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបណ្តាលមកពី ការបើកបរដោយ លើសល្បឿនកំណត់៣៩ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ វ៉ាជែង១០ភាគរយ បត់៩ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ ជាងនេះទៀត ក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាងបួនពាន់នាក់ គឺមានជនរងគ្រោះមិនពាក់មួកសុវត្ថិភាពជាងបីពាន់នាក់ ដែល ភាគច្រើន មិនពាក់នៅពេលយប់៕
ដោយ៖សែម ពិសី

ads banner