កម្ពុជា ថៃ បន្តពង្រឹង និងពង្រីកកិច្ចសហការ រលើវិស័យបណ្តុះបណ្តាល និងអប់រំ កាន់តែល្អប្រសើរថែមទៀត
ភ្នំពេញ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន អញ្ចើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃនៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣។

ឯកឧត្តម សុខ ប្រសិទ្ធិ បានរផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបណ្ឌិត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ជាពិសេសការពង្រឹងបន្ថែមទៀតទៅលើកិច្ចសហការ ដែលភាគី បានឯកភាពកន្លងមក។

តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះក៏នឹងអនុញ្ញាតឱ្យ ឯកឧត្តម បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាពមួយចំនួនរបស់ក្រសួងព័ត៌មានកម្ពុជា ដែលអាច នាំឱ្យមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហការ រវាងភាគីទាំងពីរលើវិស័យបណ្តុះបណ្តាល និងអប់រំផងដែរ។

ចំពោះគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រាជរដ្ឋាភិបាលទាំង២ បានប្ដេជ្ញាអនុវត្តគោលនយោបាយប្រកាន់យកប្រជាជនជាស្នូល ហើយពួកគេកំពុងសម្លឹងទៅដល់ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀត ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលកាន់តែច្រើន ជាលទ្ធផល និស្សិត និងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទទួលបានអាហារូបករណ៍ទៅសិក្សា និងការបណ្ដុះបណ្ដាលនៅប្រទេសថៃជារៀងរាល់ឆ្នាំ។

តាមរយៈជំនួបនាពេលនេះ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការពិនិត្យលទ្ធភាព លើការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ៕ ដោយ-រ៉ាវុធ