អាជ្ញាធរកោះកុង ដាក់កំហិតឱ្យពលរដ្ឋរុះរើខ្ទមអនាធិបតេយ្យ សាងសង់លើដីរដ្ឋ ត្រឹមថ្ងៃទី៦ខែកុម្ភៈនេះ
កោះកុង៖ រដ្ឋបាលខេត្តកោះកុង ត្រៀមចុះអនុវត្តវិធានរដ្ឋបាល និង កំណត់យកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាកំហិតឱ្យ ប្រជាពលរដ្ឋ រុះរើខ្ទមអនាធិបតេយ្យ ដោយអះអាងថាសង់លើដីរដ្ឋ និងដីរបស់ ក្រុមហ៊ុនហ្គ្រីនរិចគ្រុប ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ការត្រៀមនិងកំណត់ពេលវេលាជាក់លាក់ក្នុងការចុះរុះរើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅ ដែល ដឹកនាំដោយលោក សុខ សុទ្ធី បន្ទាប់ពីមានការណែនាំ និង អនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ នេះបើ តាមប្រភពរដ្ឋបាលខេត្តកោះកុង។
ក្នុងកិច្ចប្រជុំពិភាក្សានេះលោក សុខ សុទ្ធី ថ្លែងថា រដ្ឋបាលខេត្ត នឹងចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់ កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និង ចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
លោកបញ្ជាក់ថា៖« រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី៧ ខែកុម្ភៈនឹងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទម ព្រោះការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់»។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា កន្លងមក រដ្ឋបាលស្រុកកោះកុង និងរដ្ឋបាលឃុំជ្រោយប្រស់ បាន ចេញលិខិតជូន ដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលបាន សាងសង់ ខ្ទមអនាធិបតេយ្យលើទីតាំងដីរដ្ឋ និងដីរបស់ក្រុមហ៊ុនហ្គ្រីនរិចគ្រុប ឱ្យរុះរើខ្ទមចេញដោយខ្លួនឯងនិងចាកចេញពីទីតាំងដី ប៉ុន្តែបង ប្អូនប្រជាពលរដ្ឋមិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទេ។
គួរជម្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា រាល់ អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយ ខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ព ន្ធនា គារ ពី ២ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ដល់ ១០លានរៀល៕
ដោយៈយុទ្ធ វីរៈ