ភ្លើងឆេះព្រៃនៅឈីលីបង្កជាគ្រោះមហន្តរាយ ខណៈមានមនុស្ស៧នាក់ហើយស្លាប់
សាន់ត្យាហ្គោ៖ អាជ្ញាធរឈីលីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសឈីលីបានប្រកាសគ្រាអាសន្ននៃគ្រោះមហន្តរាយ ក្នុងតំបន់ជាច្រើនដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូង បន្ទាប់ពីរលកកំដៅដ៏ខ្លាំងក្លាបានបង្កឱ្យមានភ្លើងឆេះព្រៃ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ហើយបានស្លាប់។
ប្រធានាធិបតីឈីលី លោក ហ្គាប្រ៊ីអែល បូរីគ បានសម្រេចចិត្តផ្អាកថ្ងៃឈប់សម្រាករបស់គាត់ ដើម្បីចុះទៅទស្សនកិច្ចតំបន់រងគ្រោះ ដែលមានភ្លើងឆេះសកម្មចំនួន ១៧៨កន្លែង។ លំនៅដ្ឋានជាង ១០០កន្លែងត្រូវបានរងផលប៉ះពាល់ និងព្រៃឈើទំហំ ២៩,០០០ហិកតាត្រូវបានបំផ្លាញ ចាប់តាំងពីភ្លើងបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ។ អ្នកពន្លត់អគ្គីភ័យប្រហែល ២,៣០០នាក់ និងយន្តហោះ ៧៥គ្រឿងបានចូលរួមក្នុងការប្រយុទ្ធនឹងអណ្តាតភ្លើង។
សូមជម្រាបថា រលកកម្តៅដែលមានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ បានបង្កការព្រួយបារម្ភជុំវិញការកើតឡើងម្តងទៀតដូចគ្រោះមហន្តរាយកាលពីឆ្នាំ ២០១៧ ដោយភ្លើងឆេះបានរីករាលដាលនៅក្នុងតំបន់ដូចគ្នានេះ ធ្វើឱ្យមនុស្ស ១១នាក់បានស្លាប់ បំផ្លាញផ្ទះសម្បែង ១,៥០០កន្លែង និងប៉ះពាល់ដល់ព្រៃឈើចំនួន ៤៦៧,០០០ហិកតា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា




