អ្នកវិភាគ៖ ចិនបន្តផ្ដល់ហេតុផលដើម្បីរក្សាស្ថិរភាព បន្ទាប់ពីអាមេរិកបាញ់ ទម្លាក់បាឡុងចារកម្ម
ប៉េកាំង៖ ប្រទេសចិនគ្រោងនឹងធ្វើការឆ្លើយតបចំពោះការបាញ់ទម្លាក់ បាឡុងរបស់ខ្លួនដែលអាមេរិកសង្ស័យថាជាបាឡុងចារកម្ម បន្ទាប់ពីបាន ព្រមានថាការបាញ់ទម្លាក់បាឡុងនេះ នឹងអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ទន្ទឹមនេះ អ្នកវិភាគមួយចំនួន យល់ ឃើញថា វិធានការឆ្លើយតបណាមួយរបស់ចិន នឹងត្រូវបាន ពិនិត្យយ៉ាងម៉ត់ ចត់មុននឹងដាក់ចេញ ព្រោះដើម្បីរក្សាទំនាក់ទំនងដែលកំពុងតែតានតឹងទៅៗ ឱ្យនៅធម្មតាវិញ។
អ្នកវិភាគនិងអ្នកការទូតនៅក្នុងតំបន់ កំពុងតាមដានឃ្លាំមើលយ៉ាងប្រកៀក ប្រកិតនូវការឆ្លើយតបរបស់ប្រទេសចិន បន្ទាប់ពីយន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់បាឡុងខ្លួន។ ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងបានលើកឡើង ថា វាគ្រាន់តែជាយានត្រួតពិនិត្យអាកាសធាតុដែលហោះបង្វែរ ទិសដៅខុស ដោយអចេតនា ហើយក៏បានរសាត់ទៅដល់មហាសមុទ្រអាត្លង់ទិកនៃ រដ្ឋ ខារ៉ូឡាញណាខាងត្បួង (South Carolina) កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។
កាលពីថ្ងៃអាទិត្យ ចិនបានថ្កោលទោសការបាញ់ទម្លាក់របស់អាមេរិកថាជា ការប្រតិកម្មជ្រុលហួសហេតុ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានលើកឡើងថា ខ្លួននឹងរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយណាមួយដែលចាំបាច់ក្នុងការដោះស្រាយបញ្ហាណាមួយដែលអាចកើតឡើងនាពេលអនាគតដែលស្រដៀងគ្នាទៅនឹងបញ្ហាបាឡុងនេះ ដោយមិនចាំបាច់បញ្ជាក់លម្អិតពីមូលហេតុ ច្បាស់ លាស់ឡើយ។
អ្នកវិភាគមួយចំនួនក៏បានឱ្យដឹងផងដែរថា ភាគីទាំងពីរគឺចិននិងអាមេរិក នឹងបង្កើនការត្រួតពិនិត្យបន្ថែមទៀត ទៅលើផ្នែកខាងក្រោមនិងលើ ផ្ទៃសមុទ្រ ក៏ដូចជាតំបន់អាស៊ីបូព៌ាទាំងមូល ដើម្បីកំណត់សម្គាល់ស្ថានភាព តាន តឹងណាមួយដែលអាចកើតមានឡើង ដោយសារតែការកើនឡើងនៃ ការដាក់ពង្រាយនាវា និងយន្តហោះចម្បាំងពីសំណាក់ប្រទេសចិន ពី សហរដ្ឋអាមេរិក និងពីសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងមានសម្ទុះខ្លាំង។
យ៉ាងណាក៏ដោយ ខណៈពេលដែលភាពតានតឹងទ្វេភាគីជុំវិញ ឧបទ្ទវ ហេតុបាឡុងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងស្វែងរកការសម្របសម្រួលដោយ សន្តិវិធីដើម្បីផ្សះផ្សារទំនាក់ទំនងពួកគេឡើងវិញ។
គួរដឹងដែរថា ការរកឃើញបាឡុងនៅលើលំហអាកាសនៅឯសហរដ្ឋអាមេរិក បានធ្វើឱ្យអាមេរិកពន្យារពេលធ្វើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីងកិន (Antony Blinken) ទៅកាន់ទីក្រុង ប៉េកាំង ក្នុង សប្តាហ៍នេះ។ ដោយគម្រោងធ្វើដំណើរទស្សនកិច្ចនេះ កើតចេញពីកិច្ច ប្រជុំកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រវាងលោកប្រធានាធិបតី ចូ បៃដិន និងលោក ស៊ី ជីនពីង។
ជាទូទៅ ភាគីទាំងពីរត្រូវបានគេមើលឃើញថា តែងតែមានបំណងចង់ ធ្វើឱ្យទំនាក់ទំនងមានស្ថិរភាព បន្ទាប់ពីពោពេញទៅដោយភាពតានតឹង នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ជាក់ស្ដែង រដ្ឋបាលលោក បៃដិន តែងតែ បញ្ចៀសបញ្ហាចម្រូងចម្រាសពីការធ្លាក់ចូលទៅក្នុងជម្លោះកាន់តែធ្ងន់ធ្ងរ រីឯលោក ស៊ី ជីនពីង វិញកំពុងសម្លឹងមើលការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩។
លោក ចាវ ថុង (Zhao Tong) មន្ត្រីជាន់ខ្ពស់នៃការិយាល័យ Carnegie Endowment for International Peace និងជាអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Princeton បានយល់ឃើញថា ដំណើរឆ្ពោះទៅ រកការកសាងឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ទំនងជានៅតែមានសង្ឃឹមនៅឡើយ។ លោកបានមានប្រសាសន៍ថា «ភាគីទាំងពីរនៅតែមានគោលបំណងដូចគ្នាក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងការទទួលខុសត្រូវលើការវិវត្តទៅនៃទំនាក់ទំនងទ្វេភាគី»។
លោក Collin Koh អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិនៅសាលា S. Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរី បានព្យាករថា «ប្រទេសចិនអាចប្រតិកម្មខ្លាំងៗចំពោះការល្បាតឈ្លបយក ការណ៍របស់យោធាអាមេរិកកន្លងមក ប៉ុន្តែប្រទេសចិនជ្រើសរើសយកផ្លូវ ត្រជាក់ ពោលគឺកាត់បន្ថយការប្រឈមមុខដាក់គ្នាជាមួយអាមេរិក»។
បន្ថែមលើនេះ មន្ត្រីយោធាក្នុងតំបន់ជាច្រើនបានលើកឡើងថា សូម្បីតែនៅ ក្នុងអំឡុងពេលដ៏មានស្ថិរភាពក៏ដោយ កងកម្លាំងចិនតែងតែបានលាក់បាំង និងមិនរករឿងជុំវិញការចេញល្បាតពីសំណាក់យោធារបស់សហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែនសមុទ្រ បើទោះបីជាវាបានកើតឡើងចំពេល ជាមួយ គ្នានឹងភាពតានតឹងនៅលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងក៏ដោយ។
អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិខាងលើបានថ្លែងថា «ការប្រឆាំង នឹងគ្រឿងយន្តដែលមានមនុស្សនៅខាងក្នុង ចិនអាចនឹងមានការអត់ធ្មត់ មិនព្រមប្រើប្រាស់កម្លាំងយោធា ប៉ុន្តែបើសិនជាដឹងថាជាគ្រឿងយន្តគ្មាន មនុស្សបើកវិញ នោះយើងមិនប្រាកដទេថាចិនអាចនឹងឆ្លើយតប ដោយ ការប្រើកម្លាំងយោធាឬក៏យ៉ាងណា»។
លោកក៏បានកត់សម្គាល់ទៅលើសកម្មភាពរបស់ចិន ដែលបានរឹបអូស យកនាវាដឹកយន្តហោះក្រោមទឹកមួយរបស់អាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៦។ កាលនោះ នាវាមួយមួយគ្រឿងនោះត្រូវបានដាក់ពង្រាយដោយ កប៉ាល់ ស្រាវជ្រាវមហាសមុទ្រចេញពីប្រទេសហ្វីលីពីន។ ក្រោយមកទៀត កងទ័ពជើងទឹកចិនក៏បានប្រគល់វាទៅឱ្យនាវាចម្បាំងសហរដ្ឋអាមេរិកវិញ។
លោក Christopher Twomey អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិនៅ សាលាក្រោយឧត្តមសិក្សាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋកា លីហ្វ័រញ៉ា (California) បានឱ្យដឹងថា ការឆ្លើយតបណាមួយរបស់ចិននឹង ធ្វើទៅ ក្នុងកម្រិតមួយមិនខ្លាំងក្លាពេកទេ។ លោកបានថ្លែងបញ្ជាក់ថា «ខ្ញុំរំពឹងថាពួកគេនឹងតវ៉ាក្នុងកម្រិតមធ្យម ប៉ុន្តែសង្ឃឹមថានឹងដោះស្រាយ បញ្ហានេះនៅក្រោមកម្រាលព្រំ ពោលគឺមាននន័យថានៅពីក្រោយឆាក។ ហើយក៏សង្ឃឹមថានឹងមានការគិតគូឡើងវិញពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។
លោក ជូ ហ្វឹង (Zhu Feng) ព្រឹទ្ធបុរសប្រតិបត្តិនៃមហាវិទ្យាល័យសិក្សា អន្តរជាតិរបស់សាកលវិទ្យាល័យណានជីង (Nanjing) បានមានប្រសាសន៍ ថា «បណ្ដាមន្ត្រីអាមេរិកគួរតែបញ្ឈប់បង្កើតព្រឹត្តិការណ៍បំភាន់ផ្សេងៗ ដើម្បីធានាបាននូវការវិលត្រឡប់ទៅកាន់ទំនាក់ទំនងធម្មតាវិញដោយរលូន។ លោកបានសម្ដែងនូវក្ដីសង្ឃឹមថា «ខ្ញុំសង្ឈឹមថារដ្ឋាភិបាលទាំងពីរនឹងអាច ដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអាច ត្រឡប់ទៅរកស្ថានភាពទំនាក់ទំនងធម្មតាវិញ និងកិច្ចសន្ទនាមួយដែលមាន លក្ខណៈជាស្ថាប័ន»។
ដោយឡែក អ្នកវិភាគមួយចំនួនកំពុងតាមដានមើលប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋចិន ដើម្បីចង់ដឹងថាតើចិននឹងធ្វើការឆ្លើយតបបែបណាជុំវិញ បញ្ហានេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានជាប់គាំងមិនអាច រាយការណ៍សេចក្តីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយ។ យ៉ាងណាក៏ដោយ តាមរយៈការសង្កេតមើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋចិនមួយ គេឃើញថា កំហឹងជាតិនិយមពីពលរដ្ឋចិនជុំវិញឧបទ្ទវហេតុនេះមាន តិច តួចប៉ុណ្ណោះ ដោយគ្រាន់តែមានអ្នកនិយមលេងប្រព័ន្ធអ៊ីនធឺណិតជា ច្រើន នាក់បានសាកសួរថា តើមានរឿងអ្វីទៅបានជានាំគ្នាឆ្លេឆ្លាជុំវិញបាឡុង ធម្មតាមួយ ទៅវិញ៕
ធា សុខណា
អត្ថបទ៖ ធា សុណា
ប្រភព៖ China has reasons to keep cool after US downs suspected spy balloon: Analysts