អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋទូទៅកុំជឿលើការឃោសនាផ្ទុយពីការពិតពីសារៈសំខាន់នៃវ៉ាក់សាំងកូវីដ១៩
ភ្នំពេញ៖ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងសិស្សានុសិស្សក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កុំជឿ ពាក្យឃោសនាផ្ទុយពីការពិតថា វ៉ាក់សាំងកូវីដ១៩ បង្កផលប៉ះពាល់ ដល់សុខភាព និងគ្មានប្រសិទ្ធភាព។

លោកជំទាវបានណែនាំនិងលើកឡើងដូចនេះ ក្នុងអំឡុងពេលលោកជំទាវ និងក្រុមការងារចុះបំពេញបេសកកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ដោយបានជួបជាមួយនឹងសិស្សានុសិស្ស លោក គ្រូ- អ្នកគ្រូ នៅតាមសាលារៀន វិទ្យាល័យ កម្មករ-កម្មការិនីនៅតាមរោងចក្រ និងអាជីវករលក់ដូរនៅតាមទីផ្សារផងដែរ។

លោកជំទាវមានប្រសាសន៍នាឱកាសនោះថា ៖ «សូមបងប្អូនទាំងអស់ កុំជឿ តាមពាក្យឃោសនារបស់ជនអគតិមួយចំនួន ដែលបានធ្វើសកម្មភាព បំភ្លៃការពិតថាវ៉ាក់សាំងកូវីដ១៩ មានផលប៉ះពាល់ដល់សុខភាព និង គ្មានប្រសិទ្ធភាព។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងអស់ដែលបាន និង កំពុងប្រើប្រាស់នៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក (WHO) ត្រឹមត្រូវ»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ប្រសិនបើវ៉ាក់ សាំងកូវីដ១៩ នេះធ្វើទុក្ខ និងគ្មានប្រសិទ្ធភាព ម៉្លេះក្រុមគ្រូពេទ្យដែលជា មន្ត្រីជួរមុខនឹងមិនទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នេះរហូតដល់ ដូសទី៦ឡើយ តួយ៉ាងរូបលោកជំទាវផ្ទាល់ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៦ រួចរាល់ហើយផងដែរ។
លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ការទទួលការចាក់វ៉ាក់សាំង និងការបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ដោយអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ នៅតែជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការជួយ សង្គ្រោះអាយុជីវិតមនុស្សចេញពីមច្ចុរាជកូវីដ១៩ និងបន្តឱ្យដំណើរ ការសេដ្ឋកិច្ចគ្រួសារ-សង្គម មាននិរន្តរ៍ភាពយូរអង្វែងតទៅ។

ជាមួយគ្នា នោះ លោកជំទាវក៏បានលើកឡើងដែរថា នាឱកាសចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ជនរួមជាតិទាំងអស់ មេត្តាបើកបរដោយប្រុងប្រយ័ត្ន គោរពសិទ្ធិគ្នាទៅវិញទៅមក គោរព ច្បាប់ចរាចរណ៍ ដើម្បីជៀសផុតពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងត្រូវ ចៀសវាងពិសារគ្រឿងស្រវឹងនៅពេលបើកបរ។

ចំពោះ យុវជន-យុវតីទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះ គ្រឿងញៀនជាអាវុធដ៏កាចសាហាវបង្កឱ្យខាតបង់ពេលវេលា ខាត បង់ធនធាន និងបង្កមហន្តរាយដល់បុគ្គល ដល់គ្រួសារ និងសង្គមជាតិ ទាំងមូល។ ដូច្នេះ យុវជនទាំងអស់ត្រូវមានម្ចាស់ការខ្លួនឯង កុំផុងខ្លួនស្ដា ប់តាមការអូសទាញរបស់មនុស្សជុំវិញខ្លួនឱ្យប្រើប្រាស់គ្រឿងញៀនតាមគ្រប់រូបភាព។
លោកជំទាវរំលឹកថា ពិតណាស់មនុស្សយើងរស់នៅបានដោយសារការ បរិភោគ ចំណីអាហារ។ ដូចនេះ សូមគិតអំពីសុវត្ថិភាព អនាម័យ ចំណី អាហារ ល្អ ដែលមិននាំឲ្យមានបញ្ហាសុខភាព និងមិនបង្កគ្រោះថ្នាក់ដល់ អាយុជីវិត ហើយសូមកុំយកមេតាណុលទៅលាយធ្វើស្រាស ឬ លាយ បញ្ចូលគ្នានូវស្រាច្រើនមុខ ជាមួយនឹងភេសជ្ជ:ផ្សេងៗ ដែលធ្វើឱ្យពុល ផងដែរ។
សូមបញ្ជាក់ផងដែរថា បេសកកម្មចុះពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនេះ ធ្វើឡើងនៅភូមិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ ចំនួនប្រាំមួយទីតាំង រួមមាន៖ រោងចក្រVG2, វិទ្យាល័យហ៊ុន សែន ពញាក្រែក, វិទ្យាល័យ មេមត់, មណ្ឌលសុខភាពស្លា, វិទ្យាល័យហ៊ុន សែន តំបែ និងវិទ្យាល័យសម្តេចម៉ែ ត្បូងឃ្មុំ។
ចំណែកការចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងក្នុងទឹកដីខេត្តកំពង់ចាម មាននៅតាមទីតាំងមួយចំនួនផងដែរ ដូចជា វិទ្យាល័យ ព្រះសីហនុ, ផ្សារធំ កំពង់ចាម, រោងចក្រមេតថេត និងរោងចក្រសាន់ស៊ូ៕
ដោយ៖នាង សុគន្ធា