សមាគមមិត្តភាពជប៉ុន-កម្ពុជា ហៅកាត់ថា (JCA) និងគណៈប្រតិភូជាវិនិយោគិនជប៉ុន មកបំពេញទស្សនកិច្ច ស្វែងយល់បន្ថែមអំពីដំណើរការវិវឌ្ឍ ក៏ដូចជាការស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Takhashi Fumiaki) ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ហៅកាត់ថា (JCA) បានដឹកនាំគណៈប្រតិភូជាវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងស្វាគមន៍ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី និងប្រតិភូវិនិយោគិនរបស់ជប៉ុន ដែលបានមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត។ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ដែលជាអតីត ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ហើយបច្ចុប្បន្ន ជាប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ហើយសមាគមនេះ តែងតែយកចិត្តទុកដាក់ចូលរួមគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ ។

សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអំពីការវិវត្តន៍ទូទៅនៃសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជា ក៏ដូចជាសកលលោក គឺបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចគ្នា ព្រមជាមួយនិងបញ្ហាជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំធ្វើជាប្រធានប្ដូរវេនអាស៊ាន ប្រកបដោយជោគជ័យ ដែលនេះ គឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះវត្តមានចូលរួមពីសំណាក់មន្ដ្រីជាន់ខ្ពស់ ក៏ដូចជា ឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន នៅក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២ កន្លងទៅ ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនគណៈប្រតិភូអំពីដំណើរវិវត្តន៍នៃស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលមកដល់ពេលនេះតាមការព្យាករណ៍ គឺសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយក្នុងឆ្នាំ២០២៣នេះ ក៏នឹងរំពឹងទុកថានៅតែបន្ដមានកំណើនឡើងវិញថែមទៀតផងដែរ ព្រមជាមួយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រជាពលរដ្ឋនីមួយៗក៏ត្រូវបានរំពឹងថា មានកំណើនកើនឡើងផងដែរ។ សម្រាប់ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនប្រតិភូផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺមានភារកិច្ចសំខាន់ៗចំនួន២ រួមមាន៖ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា និងការរៀបចំការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម បានជម្រាបជូនប្រតិភូបន្ថែមថា កិច្ចការងារសំខាន់ពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ គឺបន្ដខិតខំធ្វើយ៉ាងណាថែរក្សាសន្ដិសុខ សណ្ដាធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ហើយកិច្ចការងារនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់នឹងខិតខំប្ដេជ្ញា ធ្វើយ៉ាងណាឱ្យដំណើរការនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះប្រព្រឹត្តទៅដោយជោគជ័យ ជាពិសេសទៀតនោះ គឺពាក់ព័ន្ធទៅនឹងការបោះឆ្នោត ដែលធ្វើយ៉ាងណាធានាបាននូវបរិយាកាស សន្តិសុខល្អប្រសើរ បម្រើដល់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាការឆ្លើយតប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណដល់ សម្តេចក្រឡាហោម ស ខេង ដែលតែងយកចិត្តទុកដាក់ ផ្តល់ឱកាសឱ្យឯកឧត្តម ចូលជួប និងដឹកនាំគណៈប្រតិភូ អ្នកវិនិយោជគិនជប៉ុន ដើម្បីទទួលបាននូវព័ត៌មាន ក៏ដូចជាឱកាស និងសក្តានុពលក្នុងការវិនិយោគទៅលើវិស័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្រាប់ការបំពេញទស្សនកិច្ចនាពេលនេះគឺក្នុងគោលបំណង ដើម្បីស្វែងយល់ បន្ថែមអំពីដំណើរការវិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។

ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះដែរ ឯកឧត្តម ក៏មានកិច្ចការងារមួយចំនួន ដូចជា ៖ទី១-ឆ្នាំនេះគឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ហើយឯកឧត្តមក៏កំពុងបន្ដពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអបអរសាទនូវឱកាសនៃការប្រារព្វខួប៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។ មួយវិញទៀតឯកឧត្តម ក៏នឹងមានគម្រោងឱ្យរៀបចំព្រឹត្តិការណ៍មួយ គឺបន្តដឹកនាំគណៈប្រតិភូវិនិយោគិនជប៉ុនចំនួន ១ក្រុមទៀតមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលខាងមុខ។
សម្តេចកក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមគាំទ្រចំពោះគោលបំណងនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា សម្តេចក្រឡាហោម បានចាត់ទុកថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺមានការចូលរួមចំណែករបស់ភាគីជប៉ុន ក៏ដូចជាវិស័យឯកជនរបស់ជប៉ុនផងដែរ ហើយសម្តេចក្រឡាហោម សង្ឃឹមថាប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា នឹងបន្តសកម្មភាពយ៉ាងសកម្មថែមទៀតក្នុងការជំរុញការវិនិយោគបន្ថែមទៀតលើវិស័យដែលមានសក្តានុពល ក៏ដូចជាជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងថែមទៀត ៕ ដោយ-រ៉ាវុធ