ប្រជាពលរដ្ឋជិត ១៣០០គ្រួសារដែលរស់នៅ អគារបុរីកីឡាទាំង០៨ អគា ទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនហើយ
ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធាន កប្រឹក្សា រាជធានីភ្នំពេញ និង លោក កើត ឆែ អភិបាល រងរាជធានី ភ្នំពេញតំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃ ទី ១០ កុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងខែមករាកនេះ ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជិត១.៣០០ គ្រួសារនៅបុរីកីឡា របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល នេះជាការ ទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួនផងដែរ។
ប្រជាពលរដ្ឋជិត ១៣០០គ្រួសាររស់នៅក្នុងអគារបុរីកីឡាទាំង ០៨ អគារនេះ មិនត្រឹមតែទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ ។
ឯកឧត្តម ម៉ប់ សារិន ក៏បានសរសើរផងដែរ ចំពោះការខិតខំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានជំរុញគ្រប់មុខសញ្ញាសាធារណការបានល្អ ប្រសើរ ធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ពិសេសក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខនេះ។
ឯកឧត្តម ម៉ប់ សារិន បានលើកឡើងទៀតថា កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែងលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងបាន ៧៨ករណី ឃាត់ខ្លួនបាន ១៣៦នាក់នៅក្នុងខែមករានេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរឱ្យសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈឆ្នាំ២០២៣ ខាងមុខនេះឲ្យ បានខ្លាំងខ្លាបន្ថែមទៀត ។
ឯកឧត្តម បន្តថា ចំពោះគ្រោះថ្នាក់អគ្គិភ័យក្នុងខែមករា ឆ្នាំ២០២៣នេះបានកើតមាន ១៩/៦ករណី កើន ១៣ លើក ។ លើករណីនេះ លោកសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ បង្ការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅរដូវប្រាំងនេះ។
ចំពោះបញ្ហាគ្រោះអគ្គិភ័យ លោក កើត ឆែ មានប្រសាសន៍បញ្ជាក់ដែរថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យសមត្ថកិច្ចអគ្គិភ័យ នាំយករថយន្តពន្លត់អគ្គិភ័យមួយចំនួន នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌ ឬស្សីកែវ ជិតហ្គេនភ្នំពេញ មកដាក់នៅទីតាំងក្បែរវត្តបទុមវតីខណ្ឌដូនពេញ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ និងបានជម្រុញអោយ អាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះអគ្គិភ័យនៅរដូវប្រាំងនេះ ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

