បញ្ជូនស្រ្តីម្នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសចេញសែកស្អុយ ៣០មុឺនដុល្លារ
ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួននិងបញ្ជូនស្ត្រីម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមច្បាប់ ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ ៣០មុឺនដុល្លារសងទៅម្ចាស់បំណុល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សិទ្ធិគុណ សក្តិនិតា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរី ពិភពថ្មីចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ដោយការចាប់ខ្លួនស្ត្រីអាជីវករខាងលើនេះ គឺជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។
ជនឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន ៣០ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។
លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ ( សែក )១សន្លឹករបស់ ធនាគារដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិកឱ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់ នៅពេលដើមបណ្តឹងបាន យកមូលប្បទានបត្រនោះទៅបើកប្រាក់នៅធនាគារស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះគ្មាន សាច់ប្រាក់ទេ ពេលនោះដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅ សមត្តកិច្ចដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ករណីដូចបានបញ្ជាក់តាមអង្គហេតុខាងលើនេះហើយទើបបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
