រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣
រតនគិរី ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅសាលាខេត្តរតនគិរី ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងឆ្នាំ២០២២ ចំនួន ២លើក ប៉ះពាល់ក្រុង ស្រុក ចំនួន៣(ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកអូរជុំ) ដែលប៉ះពាល់ ប្រជាពលរដ្ឋ ចំនួន ២.២០៤គ្រួសារ ស្មើនឹងមនុស្ស ៨.២៥៧នាក់(មិនមានអ្នករបួសគ្រោះថ្នាក់ទេ) ផ្ទះសម្បែង ៧៥០ខ្នង សាលារៀន ៥កន្លែង វត្តអារាម ៣កន្លែង និងតូប/ហាងលក់ទំនិញ ២០កន្លែង ដំណាំកសិកម្ម ២.២២៥ហិកតា ( ស្រូវ១.០៦២ហិកតា) និងជម្លៀសសត្វ ៣.៨៤៩ក្បាល ផ្លូវកៅស៊ូ/បេតុង ១.២៣០ម (ខូចខាត ២០០ម) ផ្លូវលំ ១៨.៤៨៦ម(ខូចខាត ១៦ម) ស្ពានបេតុង ៤កន្លែង ស្ពានបេឡេត៍/ស្ពានឈើ ១៣កន្លែង(ខូចខាត ២កន្លែង) និងលូកាត់ផ្លូវ ៤៤កន្លែង អណ្ដូងស្នប់ ២៣កន្លែង អណ្ដូងជីក/លូ ១២កន្លែង ស្រះទឹក ១១កន្លែង និងបង្គន់អនាម័យ ៣២៥បង្គន់។ ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត បានសម្របសម្រួលប្រតិបត្តិការអន្តរាគមន៍ ឆ្លើយតបសង្គ្រោះបន្ទាន់ រៀបចំទីទួលសុវត្ថិភាព សរុបចំនួន ៧ទីតាំង និងធ្វើការជម្លៀសប្រជាពលរដ្ឋ សរុបចំនួន ៤០២គ្រួសារ និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយនាំយកនូវអំណោយសប្បុរសធម៌ពីការកៀរគរប្រភពជំនួយផ្សេងៗដើម្បីសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ សរុប ចំនួន ២៣១គ្រួសារ ជារួមនៅក្នុងឆ្នាំ២០២២ ខេត្តរតនគិរី មិនខូចខាត និង ប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយនោះទេ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្ដម ក៏បានសម្តែង នូវការកោត សរសើរ និងវាយ តម្លៃ ខ្ពស់ ចំពោះ ការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបាន បំពេញ មុខនាទី របស់ខ្លួនបាន ល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា ។
ឯកឧត្តម ច័ន្ទ លំផាត់ បានមានប្រសាសន៍ថា៖ ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត់ នឹងមិនអាចដឹងមុនបាន, មានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗ និងគ្រួសារនីមួយៗ ចូលរួមក្នុងភាពជាម្ចាស់ របស់មូលដ្ឋាន សហគមន៍ ដើម្បីការរស់នៅដោយសុវត្ថភាព ធន់ជាមួយនឹងគ្រោះមហន្តរាយ ។ ការគ្រប់គ្រង គ្រោះមហន្តរាយត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងភាពជាដៃគូរក្នុងការងារបន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីការពារប្រជាជន និងទ្រព្យសម្បត្តិ គុណភាពជីវភាពរស់នៅ ក៏ដូចជាសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍជាដើម ។
ឯកឧត្តមក៏បានជម្រុញឱ្យលេខាធិការដ្ឋានខេត្តធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹងជាមុន ១២៩៤ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕ ដោយ គតិ យុត្ត







