អ.ស.ប ជំរុញឱ្យបង្កើតបទឈប់បាញ់នៅស៊ីរីជាបន្ទាន់ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះរញ្ជួយដី
ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅស៊ីរី ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយដល់ជនរងគ្រោះទាំងអស់ នៅក្នុងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញក្នុងតំបន់។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា ក្នុងពេលវេលាដ៏អាក្រក់នេះនៅក្នុងប្រទេសតួកគី និងស៊ីរី យើងអំពាវនាវឱ្យមានការផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះទាំងអស់ដែលត្រូវការ។ បន្ថែមលើនេះ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វ៉កខឺ ធើក បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅស៊ីរី និងការគោរពពេញលេញចំពោះកាតព្វកិច្ចសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដូច្នេះជំនួយអាចទៅដល់មនុស្សគ្រប់គ្នា។

ការអំពាវនាវខាងលើនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែកនៃគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងជិត២៤,០០០នាក់។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៣,៥៥៣នាក់បានស្លាប់នៅស៊ីរី ជាប្រទេសដែលកើតមានសង្រ្គាមស៊ីវិលជាងមួយទសវត្សរ៍ ក្នុងនោះការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ស៊ីរី និងរុស្ស៊ីបានបំផ្លាញមន្ទីរពេទ្យរួចហើយ ការដួលរលំសេដ្ឋកិច្ច និងបានជំរុញឱ្យមានការខ្វះខាតអគ្គិសនី ប្រេងឥន្ធនៈ និងទឹកស្អាតប្រើប្រាស់ជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

