ធនាគារពិភពលោក (WB) យល់ព្រមផ្តល់ជំនួយ៥០លានដុល្លារ សម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានអនុម័តការផ្តល់ជំនួយសំខាន់ចំនួន៥០លានដុល្លារ ដើម្បីជួយស្ដារបណ្តាញដឹកជញ្ជូនរបស់ប្រទេសអ៊ុយក្រែន ខណៈដែលសង្រ្គាមបានផ្ទុះឡើងជិតមួយឆ្នាំ ចាប់តាំងពីរុស្ស៊ីផ្តើមការឈ្លានពានប្រទេសជិខាងរបស់ខ្លួន។

លោកស្រី អាណា ប៊ីជឺត អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាស៊ីកណ្តាលបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តមានផលវិបាកផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌។ លោកស្រីថា អ៊ុយក្រែនត្រូវការការវិនិយោគជាបន្ទាន់ ដើម្បីជួសជុលផ្លូវដឹកជញ្ជូនសំខាន់ៗដែលខូចខាតដោយសារសង្គ្រាម។

ធនាគារពិភពលោក (WB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងថ្មីនេះមានគោលបំណងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន ដើម្បីជួយដល់កិច្ចការផ្នែកមនុស្សធម៌បន្ទាន់ ជាពិសេសការបង្កើនសមត្ថភាពផ្លូវពាណិជ្ជកម្ម។ ធនាគារពិភពលោក (WB) ក៏បានបង្ហើបឱ្យដឹងដែរថា ខ្លួនរំពឹងថា ការផ្តល់មូលនិធិបន្ថែមរហូតដល់៥៣៥លានដុល្លារ នឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ។

បើតាមធនាគារពិភពលោក (WB) គម្រោងនេះនឹងជួយស្តារឡើងវិញនូវស្ពាន និងផ្លូវដែកសំខាន់ៗ ដើម្បីភ្ជាប់សហគមន៍ឡើងវិញ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដឹកជញ្ជូនទៅទិសខាងលិច ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រខ្មៅ។

ការខូចខាតដោយផ្ទាល់ចំពោះបណ្តាញដឹកជញ្ជូនរបស់ប្រទេសអ៊ុយក្រែន មានទឹកប្រាក់សរុបជាង២៩.៩ពាន់លានដុល្លារ ខណៈដែលការខាតបង់សេដ្ឋកិច្ចមានទឹកប្រាក់ដល់២៦.១ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា
