អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ
ភ្នំពេញ៖សេចក្តីថ្លែងការណ៍អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕
